Register Already an agent ? Login

ប្រទេសកម្ពុជា មានខេត្តចំនួន១៥ បានប្រកាសជាខេត្តគ្មានមីន ទំហំផ្ទៃដី ៣,០២៤គីឡូម៉ែត្រក្រឡា

សៀមរាប៖ ប្រទេសកម្ពុជា មានខេត្តចំនួន១៥ ដែលត្រូវបានប្រកាសថាជាខេត្តគ្មានមីន ដោយគិតជាផ្ទៃដីមានចំនួន ៣,០២៤គីឡូម៉ែត្រក្រឡា មកទល់បច្ចុប្បន្ន។ បើតាមការថ្លែង លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងជាអនុប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។

តាមការថ្លែងខាងលើ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពឆ្ពោះទៅកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន» នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការអាជ្ញាធរមីន កម្ពុជា។

ខេត្តទាំង១៥ ដែលបានប្រែក្លាយពីទឹកដីមីន ពោរពេញដោយគ្រោះថ្នាក់ ហើយដាំដុះមិនបាននោះ បានប្រែក្លាយជាខេត្តទឹកដីមាស។ ជាការថ្លែងបញ្ជាក់ លោក លី ធុជ បានបន្តថា ក្រោយពីអាជ្ញាធរមីនកម្ពុជាបានដោះមីនអស់ទៅ ប្រជាពលរដ្ឋអាចមករស់នៅលើទឹកដីនោះដោយសុខសាន្ត ហើយប្រកបមុខរបរស្រែចំការនៅលើដីនេះ ដើម្បីចិញ្ចឹមជីវិត។

ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ បានបង្ហាញឱ្យឃើញពីភាពជោគជ័យ ក៏ដូចជាមោទកភាពមួយសម្រាប់កម្ពុជា ដែលធ្លាប់តែជាប្រទេសទទួលរងនូវការញ៉ាំញីដោយភ្លើងសង្គ្រាមស៊ីវិលរ៉ាំរ៉ាំ បន្សល់ទុកគ្រាប់ដែលមិនទាន់ផ្ទុះរាប់ម៉ឺនគ្រាប់ រហូតក្លាយជាប្រទេសមានសន្តិភាពពេញលេញ។ ជាការថ្លែងបន្តទៀត  អនុប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។

លោក លី ធុជ បានបន្ថែមថា មិនតែប៉ុណ្ណោះព្រមទាំងក្លាយជាប្រទេសរដ្ឋភាគីរបស់អនុសញ្ញាអូតាវ៉ា ដែលជាអនុសញ្ញាសប្បុរសធម៌ជួយពិភពលោកឱ្យរួចផុតពីគ្រោះថ្នាក់ដោយសារមីន ថែមទៀផង។ លោក គូសបញ្ជាក់ថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាការប្រមូលផ្តុំនូវក្តីសង្ឃឹម ការប្តេជ្ញាចិត្តរួម និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីជំរុញលើកទឹកចិត្តឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន និងគ្មានជនណាម្នាក់បន្តរងគ្រោះដោយសារមីនប្រឆាំងមនុស្ស។

គូសបញ្ជាក់ថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន នឹងចាប់ពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ នៅខេត្តសៀមរាប៕

ដោយ៖ មឿន ឌីណា (Moeun Dyna)