Register Already an agent ? Login

ទូតអេស្ប៉ាញនៅកម្ពុជា ស្នើ CDC សម្របសម្រួលរៀបចំវេទិការធុរកិច្ចនៅកម្ពុជា បញ្ជ្រាបព័ត៌មានវិនិយោគដល់ធុរជនអេស្ប៉ាញបន្ថែមទៀត

ភ្នំពេញ៖ លោក Felipe De La Morena Casado ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​អេ​ស្ប៉ា​ញប្រចាំកម្ពុជា បានស្នើសុំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំវេទិការធុរកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ជូនដល់ធុរជនអេ​ស្ប៉ា​ញបន្ថែមទៀត។

តាមស្នើខាងលើ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតជូន ឯកអគ្គរាជទូតអេស្ប៉ាញប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

មានប្រសាសន៍ក្នុងជំនួបនាឱកាសនេះ លោក  Felipe De La បានថ្លែងអំណរគុណ លោក ស៊ុន ចាន់ថុល ដែលបានអនុញ្ញាតឱ្យលោកនិងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងនោះដែរ លោក ក៏បានបញ្ជាក់អំពីការតាំងចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចការងារវិនិយោគរវាងកម្ពុជា និង​អេ​ស្ប៉ា​ញផងដែរ។

បន្ថែមពីនេះ លោកទូត ក៏បានលើកឡើងអំពីកង្វល់មួយចំនួនក្នុងកិច្ចការងារទាក់ទាញ និងជំរុញវិនិយោគ ជាទាមទារឱ្យកម្ពុជាពិនិត្យនិងសម្របសម្រួលដោះស្រាយឱ្យបានកាន់តែល្អប្រសើរផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកអគ្គរាជទូត ក៏បានស្នើសុំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំវេទិការធុរកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ជូនដល់ធុរជនអេស្ប៉ាញបន្ថែមទៀត។

ទន្ទឹមនឹងនេះ លោកទូត ក៏បានឆ្លៀតឱកាសនេះដើម្បីសាកសួរអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់​ប្រទេសអេ​ស្ប៉ា​ញ កាលពីខែមិថុនាកន្លងទៅផងដែរ។ 

ជាការឆ្លើយតប អនុប្រធានទី១ បានជម្រាបជូនអំពីលទ្ធផលយ៉ាងល្អប្រសើរ និងប្រកបដោយផ្លែផ្កាដែលទទួលបានពីបេសកកម្មគោះទ្វារវិនិយោគនៅប្រទេសអេ​ស្ប៉ា​ញ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសហការរៀបចំជាមួយបណ្ដាក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុនអេស្ប៉ាញ ដែលគ្រោងនឹងបណ្ដាក់ទុនវិនិយោគនៅកម្ពុជានាឱកាសនាមួយខាងមុខផងដែរ៕

ដោយ៖ នឿន ឌីណា (Moeun Dyna)