ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជាទៅទីផ្សារអាមេរិក ៨,២៣ពាន់លានដុល្លារ កើនប្រមាណ ៩,៨% រយៈពេល១០ខែ ឆ្នាំ២០២៤ បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២៣។ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបន្តថា ការនាំចូលពីអាមេរិកមានទំហំ ២១៧លានដុល្លារ កើន ៧,៥%។
សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញចម្បងរបស់កម្ពុជា កត្តានេះបានធ្វើឱ្យសហរដ្ឋអាមេរិកឈរលេខ១ លើទីផ្សារកម្ពុជា ខណៈវៀតណាមឈរនៅលេខរៀងទី២ និងចិនឈរនៅលេខ៣។ បើតាមទិន្នន័យខាងលើ។
វៀតណាម គឺជាទីផ្សារធំទី២របស់កម្ពុជា ជាមួយនឹងការនាំចេញចំនួន ២.៩ពាន់លានដុល្លារ កើនឡើង ៣១.២% និង ៣.៤ពាន់លានដុល្លារ នៃការនាំចូលកើនឡើង១៤.៥%។ តាមទិន្នន័យដដែល បានបន្តថា ប្រទេសចិនជាទីផ្សារធំទី៣ ដោយការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនសម្រេចបាន ១.៤ពាន់លានដុល្លារ កើនឡើង ១២% ខណៈការនាំចូលឈានដល់ ១០.៩ពាន់លានដុល្លារ កើនឡើង ២៣.២%។
ខណៈ ប្រទេសជប៉ុនគឺជាទីផ្សារធំទី៤ របស់កម្ពុជា ជាមួយនឹងការនាំចេញឈានដល់ ១.១ពាន់លានដុល្លារ កើនឡើង ១៨% រីឯការនាំចូលមានតម្លៃ ៦០០លានដុល្លារ កើនឡើង ១៥.៦%។ ប្រទេសកាណាដា ជាទីផ្សារធំទី៥ របស់កម្ពុជាដោយនាំចេញមានលើសពី ៩០០លានដុល្លារ កើនឡើងជិត ៣០% ការនាំចូលមកកម្ពុជាវិញមាន ៤៨លានដុល្លារ ធ្លាក់ចុះជាង ១០%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)