Register Already an agent ? Login

ក្រុមហ៊ុន DP World អេមីរាត់អារ៉ាប់រួម ស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យដឹកជញ្ជូន វិស័យឡូជីស្ទីក និងអភិវឌ្ឍសួនឧស្សាហកម្ម

ភ្នំពេញ៖ លោក Sultan Ahmed Bin Sulayem ប្រធានក្រុមហ៊ុន DP World នាជំនួបជាមួយ សម្តេចធិបតី បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមានទីតាំងភូមិសាស្ត្រអំណោយផលដ៏ល្អប្រសើរ នៅក្នុងតំបន់អាស៊ាន មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗ រួមមាន៖ វិស័យដឹកជញ្ជូន វិស័យឡូជីស្ទីក និងការអភិវឌ្ឍសួនឧស្សាហកម្ម។

បើតាមជំនួបនេះ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Sultan Ahmed Bin Sulayem ប្រធានក្រុមហ៊ុន DP World ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនៅជំនួប លោក Sultan បានជម្រាបជូន សម្ដេចធិបតីថា ក្រុមហ៊ុន DP World គឺជាក្រុមហ៊ុនរបស់ប្រទេសអេមីរាត់អារ៉ាប់រួម ដែលមានជំនាញក្នុងវិស័យកំពង់ផែ ឡូជីស្ទីក និងបច្ចេកវិទ្យាខាងខ្សែច្រវាក់ផ្គត់ផ្គង់និងមានប្រតិបត្តិការអាជីវកម្ម នៅក្នុងតំបន់អាស៊ាន និងតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេចធិបតី បានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការនានារបស់រាជរដ្ឋាភិបាលគាំទ្រការវិនិយោគ និងបានសង្កត់ធ្ងន់ថា កម្ពុជាមានការតភ្ជាប់ជាមួយនឹងទីផ្សារក្នុងតំបន់និងពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគីជាច្រើន ក្នុងនោះ កម្ពុជានិងអេមីរ៉ាតអារ៉ាប់រួមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ផងដែរ។

ប្រមុខរាជដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណា ក្នុងការវិនិយោគលើវិស័យឡូជីស្ទីក ក៏ដូចជាការអភិវឌ្ឍសួនឧស្សាហកម្ម ដែលជាវិស័យសក្តានុពល និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)