Register Already an agent ? Login

ក្រុមហ៊ុនជប៉ុនចំនួន២៦ ស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម កែច្នៃម្ហូបអាហារ និងវារីវប្បកម្ម

ភ្នំពេញ៖ ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជា ក្រុមហ៊ុនជប៉ុនចំនួន២៦ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម។ បើតាមជំនួប សម្តេចធិបតី និងប្រធានសមាគមជប៉ុន-កម្ពុជា។

បើតាមជំនួបនេះ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ប្រធានសមាគមជប៉ុន-កម្ពុជា បានជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាពនៃការងាររបស់សមាគមក្នុងរយៈពេលកន្លងមក ដែលបានចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា។

លោក បានបន្តថា សមាគមបានបើកដំណើរការិយាល័យប្រចាំនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៤ និងបានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា បង្កើតសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈចំនួន៣ រួមមាន៖ សាលាបណ្ដុះបណ្ដាលជំនាញជួសជុលយានយន្ត សាលាបណ្ដុះបណ្ដាលជំនាញតុបតែង និងកែសម្ផស្ស ហើយនិងសាលាបណ្ដុះបណ្ដាលជំនាញវិស្វកម្មព័ត៌មានវិទ្យា។

ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាឱកាសនេះ មានក្រុមហ៊ុនជប៉ុនចំនួន២៦ បានចូលរួម និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនដូចជា៖ វិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម។ ជាការគូសបញ្ជាក់ លោក តាកាហាស៊ី ហ្វូមីអាគី។

ប្រធានសមាគម បានបន្តទៀតថា ថាសមាគមបានខិតខំផ្សព្វផ្សាយអំពីសក្កានុពលកម្ពុជា ដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុន ជាពិសេសប្រភេទសហគ្រាសធុនតូច និងមធ្យម (SME) ជប៉ុនមកវិនិយោគនៅកកម្ពុជាថែមទៀត ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស។

ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះសមាគមជប៉ុន-កម្ពុជា ដែលតែងតែបានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងជប៉ុន-កម្ពុជា ជាពិសេស ការពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ សម្ដេចបានគូសបញ្ជាក់ថា វិស័យឯកជនរបស់ជប៉ុនបានចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ អបអរសាទរសមាគមជប៉ុន-កម្ពុជា ដែលបានបង្កើតការិយាល័យនៅកម្ពុជា និងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទាំងបីខាងលើ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងនូវការស្វាគមន៍ចំពោះបណ្ដាក្រុមហ៊ុនវិនិយោគជប៉ុន ដែលចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលនេះ។ បន្ថែមលើនេះ សម្ដេចធិបតី បានបញ្ជាក់ទៀតថា ការណ៍ដែលសមាគមខិតខំជំរុញប្រភេទក្រុមហ៊ុន SME ជប៉ុនមកវិនិយោគនៅកម្ពុជានេះ គឺស្របទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការជំរុញនិងលើកកម្ពស់ SME នៅកម្ពុជាក្នុងការបង្កើតទៅជាខ្សែច្រវាក់ផលិតកម្មមួយសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

សម្ដេចនាយករដ្ឋមន្រ្តី បានលើកឡើងអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកទឹកចិត្ត និងធានាបរិស្ថានធុរកិច្ចនិងការវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្សរបស់សមាគម បានលើកទឹកចិត្តឱ្យសមាគមពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរៀបចំផែនការឱ្យបានច្បាស់លាស់​ស្របទៅនឹងតម្រូវការជាក់ស្តែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)