ភ្នំពេញ៖ លោក Dato Khairul Hamed នាយកប្រតិបត្តិក្រុមហ៊ុន Khazanah ប្រទេសព្រុយណេ បានគូសបញ្ជាក់ ស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា ទៅលើវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក, អាកាសយានដ្ឋាន, និងវិស័យធនាគារ។
តាមការគូសបញ្ជាក់ លោក Dato សម្ដេចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក ជាអតីតមេបញ្ជាការកងទ័ពជើងគោកប្រទេសព្រុយណេ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្ដេច នាយករដ្ឋមន្រ្តី បានសម្ដែងនូវក្ដីរីករាយដែលបានជួបជាមួយនឹងលោកនាយកប្រតិបត្តិក្រុមហ៊ុន ជាថ្មីម្ដងទៀត។ សម្ដេចធិបតី ក៏បានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ជូន លោក Dato អំពីការដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយន្តការ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រទៅដល់ភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា ក៏ដូចជាការតភ្ជាប់ទីផ្សាររបស់កម្ពុជាចូលទៅក្នុងតំបន់ និងសកលលោក។
នាឱកាសនោះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យលោកនាយកប្រតិបត្តិក្រុមហ៊ុន បន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)