Register Already an agent ? Login

ខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូ កូរ៉េ បានបង្កើតកិច្ចសហប្រតិបត្តិការមិត្តភាព គ្រោងបើកមជ្ឈមណ្ឌលភាសា-វប្បធម៌កូរ៉េ

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងស៊ុងដុង-ហ្គូ នៃសាធារណរដ្ឋកូរ៉េ បានបង្កើតកិច្ចសហប្រតិបត្តិការមិត្តភាព ដោយភាគីកូរ៉េ នឹងបើកមជ្ឈមណ្ឌលសិក្សាភាសាកូរ៉េ និងមជ្ឈមណ្ឌលវប្បធម៌កូរ៉េនៅក្នុងខេត្តបាត់ដំបង។

លោក សុខ លូ អភិបាល អភិបាលខេត្តបាត់ដំបង និង លោក ជុង វ៉ុនអូ អភិបាលក្រុងស៊ុងដុង-ហ្គូ បានចុះហត្ថលេខាលើខ្លឹមសារ នៃកិច្ចសហប្រតិបតិ្តការមិត្តភាព ខេត្តបាត់ដំបង-ក្រុងស៊ុងដុង-ហ្គូ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

បើតាមពិធីនេះ លោក សុខ លូ បានជម្រាបជូនគណៈប្រតិភូកូរ៉េពីសក្ដានុពលដ៏សំបូរបែបរបស់ខេត្តបាត់ដំបងលើវិស័យកសិកម្ម ទេសចរណ៍ វប្បធម៌ ជាពិសេស កាលពីចុងឆ្នាំ២០២៣កន្លង ទៅទីក្រុងបាត់ដំបងត្រូវបានអង្គការយូណេស្កូចុះក្នុងបណ្តាញទីក្រុងច្នៃប្រតិដ្ឋផ្នែកម្ហូបអាហារ។

រដ្ឋបាលខេត្តបាត់ដំបង ខិតខំប្រឹងប្រែងក្នុងការកសាងខ្លួនដើម្បីដាក់បញ្ចូលក្រុងបាត់ដំបងជាទីក្រុងវៃឆ្លាតនាពេលអនាគត។ ជាការបញ្ជាក់ លោក សុខ លូ បាន ប្រកាសស្វាគមន៍អ្នកវិនិយោគកូរ៉េឱ្យមកបណ្ដាក់ទុនវិនិយោគនៅខេត្តបាត់ដំបង ជាពិសេស លើវិស័យកសិកម្មដែលមានសក្ដានុពលខ្ពស់ ប៉ុន្តែការកែច្នៃនៅមានកម្រិត។

លោក ជុង វ៉ុនអូ បង្ហាញការកត់សម្គាល់ពីសក្ដានុពលដ៏សំបូរបែបនៅខេត្តបាត់ដំបងលើវិស័យជាច្រើន។ លោក បានគូសបញ្ជាក់ថា ដើម្បីជាកិច្ចចាប់ផ្ដើមជំហានដំបូងក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រុងស៊ុងដុង-ហ្គូ និងរដ្ឋបាលខេត្តបាត់ដំបង នឹងបើកមជ្ឈមណ្ឌលសិក្សាភាសាកូរ៉េ និងមជ្ឈមណ្ឌលវប្បធម៌កូរ៉េនៅក្នុងខេត្តបាត់ដំបង។

គួរបញ្ជាក់ថា គំនិតផ្ដួចផ្ដើម នៃកិច្ចសហប្រតិបតិ្តការដែលភាគីទាំងពីរ ដែលបានចុះហត្ថលេខាមាន ៣ចំណុចសំខាន់ៗរួមមាន៖

ទី១-កិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនាក់កិច្ចសហប្រតិបត្តិការមានប្រយោជន៍ផ្ដល់ឱ្យគ្នាទៅវិញទៅមកដោយឈរលើគោលការណ៍ស្មើភាព និងមិត្តភាព

ទី២-កិច្ចខិតខំជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនងដើម្បីកិច្ចអភិវឌ្ឍន៍សម្បូរបែប ដូចជាការអប់រំ បណ្ដុះបណ្ដាល សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា

និងទី៣-ការកសាងទំនុកចិត្តទៅវិញទៅមកក្នុងស្មារតីភាតរភាព និងមានបំណងចុះអនុស្សរណៈយោគយល់គ្នានាពេលអនាគត និងបន្តរៀបចំកិច្ចការចាំបាច់មួយចំនួនមុនពេលចុះអនុស្សរណៈយោគយល់គ្នា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)