ភ្នំពេញ៖ កម្ពុជា ជាប្រទេសទី៥ នៅលើសកលលោក និងជាប្រទេសដំបូងគេបង្អស់នៅអាស៊ីដែលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន។
ប្រទេសកម្ពុជា នឹងធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៅក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
កម្ពុជា ជាប្រទេសទី៥នៅលើសកលលោក និងជាប្រទេសដំបូងគេបង្អស់ក្នុងតំបន់អាស៊ីដែលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលមួយនេះ។ គណៈប្រតិភូមកពី ១៦៤ប្រទេស និងស្ថាប័នអន្តរជាតិដទៃទៀត នឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។
អាជ្ញាធរមីន ក៏នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពឆ្ពោះទៅកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន» នៅថ្ងៃទី២០ ខែវិច្ឆិកានេះ នាទីស្នាក់ការកណ្ដាល។ បើតាមប្រសាសន៍ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន។
គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា មានគណៈប្រតិភូមកពីជុំវិញពិភពលោកចំនួន ៥២៣នាក់ បានបញ្ជាក់ពីការចូលរួមរបស់ខ្លួនក្នុងកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍ពិសេសៗដែលកម្ពុជាបានរៀបចំ។ ជាបន្ត លោក លី ធុជ បានបន្តទៀតថា ជាមួយគ្នានេះ ស្ថានទូតនិងកុងស៊ុលកិត្តិយសចំនួន១៥ ព្រមទាំងដៃគូអភិវឌ្ឍន៍ប្រចាំនៅកម្ពុជាជាច្រើន ក៏បានបញ្ជាក់ពីការចូលរួមផងដែរ។
ក្នុងរយៈពេល១ឆ្នាំនេះ កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ជាមួយគ្រប់ភាគីពាក់ព័ន្ធនៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានដឹកនាំ និងចូលរួមក្នុងកិច្ចប្រជុំប្រមាណ ៦០លើក។ ជាការបន្ថែម លោក លី ធុជ។
គួរបញ្ជាក់ថា កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ាត្រូវបានប្រព្រឹត្តទៅរៀងរាល់៥ឆ្នាំម្តង។ កម្ពុជា គឺជាប្រទេសទី៥ នៅលើសកលលោក និងជាប្រទេសដំបូងគេបង្អស់ក្នុងតំបន់អាស៊ីដែលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំនេះ ។ កិច្ចប្រជុំលើកទី១ នៅកេនយ៉ាឆ្នាំ២០០៤ លើកទី២ កូឡុំប៊ីឆ្នាំ២០០៩ លើកទី៣ ម៉ូសំប៊ិកឆ្នាំ២០១៤ លើកទី៤ ន័រវែស ឆ្នាំ២០១៩ និងលើកទី៥ នៅកម្ពុជាឆ្នាំ២០២៤។
សម្រាប់កិច្ចប្រជុំនេះ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះគ្រោងនឹងដាក់ចេញនូវការងារអាទិភាពចំនួន៣ រួម មាន៖ ១-ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា, ជំរុញប្រទេសមិនមែនរដ្ឋភាគីឱ្យចូលរួមជារដ្ឋភាគី ឬចូលរួមកិច្ចប្រជុំ ឬអនុវត្តទិដ្ឋភាពនានានៃអនុសញ្ញា ២-ពង្រឹងការអនុវត្តមាត្រា៥ នៃអនុសញ្ញា, បោសសម្អាតមីនប្រឆាំងមនុស្ស និង ៣-ជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)