ភ្នំពេញ៖ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានព្យួរការអនុវត្តដល់ដំណាច់ឆ្នាំ២០២៤ ខណៈចាប់ពី ឆ្នាំ២០២៥ តទៅ ការអនុវត្តត្រូវបានភ្ជាប់ជាមួយលក្ខខណ្ឌបន្ធូរបន្ថយ និងលើកលែងជាច្រើន។ បើតាម ព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ អគ្គនាយកដ្ឋានពន្ធដារ។
ចំពោះវិស័យអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានព្យួរការអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ មានន័យថាកម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ ពុំមានកាតព្វកិច្ចប្រកាសបង់ពន្ធរហូតដល់ដំណាច់ឆ្នាំ២០២៤។ យោងតាមសេចក្តីជូនដំណឹងលេខ ០១៤ សហវ.ស.ជ.ណ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ។
សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៥ តទៅ ត្រូវបានបន្ធូរបន្ថយលក្ខខណ្ឌលើកលែងពន្ធនេះ ដូចខាងក្រោម៖
ក-ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ សំដៅដល់ដីដែលនៅក្រៅតំបន់ជាប់ពន្ធលើអចលនទ្រព្យ។
ខ-ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានអនុញ្ញាតឱ្យកាត់ចេញ ៥ហិកតា ក្នុងដីមួយកន្លែង។
គ-ចំពោះដីដែលលើសពី ៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖
-ដឹកសិកម្មកំពុងបង្កបង្កើនផលដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់
-ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គលឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ
-ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល
-ដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល
-ដីសម្បទានសេដ្ឋកិច្ចដែលចូលពីរដ្ឋ, ដីធ្លីរបស់សហគមន៍
-ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានចូលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ សម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗតាម កិច្ចសន្យា ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ
-ដីដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម
-ដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់គោលដៅ បម្រើការងារក្នុងវិស័យដូចបានរៀបរាប់ខាងដើម។ ក្នុងករណីដែលដីនេះត្រូវបានលក់ឬមិនត្រូវបានប្រើប្រាស់តាមគោលដៅខាងលើ ត្រូវបំពេញកាតព្វកិច្ចពន្ធដារតាមច្បាប់ជាធរមាន។
គួរបញ្ជាក់ផងដែរថា រាល់ការលើកលែងការអនុគ្រោះ និងការព្យួរការអនុវត្តខាងលើនេះ ពុំមានអនុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងដែលបានបង់រួចហើយនោះទេ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)