Register Already an agent ? Login

កម្ពុជា នាំទំនិញទៅវៀតណាមទទួលបានទឹកប្រាក់ជាង ២,៩ពាន់លានដុល្លារ កើនជាង៣២% ១០ខែឆ្នាំ២០២៤

ភ្នំពេញ៖ ចាប់ពីខែមករាដល់ខែតុលាឆ្នាំ២០២៤ កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារប្រទេសវៀតណាមទទួលបានទឹកប្រាក់ជាង ២,៩ពាន់លានដុល្លារ កើន៣២,១% បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២៣។ បើតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ខណៈ ការនាំចូលវិញមានទឹកប្រាក់ចំនួន ៣,៤ពាន់លានដុល្លារ កើនជិត ១៤,៥%។

ទំនិញកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំធ្វើឡើងពីក្រណាត់ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើងពីការចាក់ដោយម្ជុលពីរ កៅស៊ូ ផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។ បើតាមទិន្នន័យដដែល។

តាមទិន្នន័យដដែល ទំនិញនាំចូលរួមមាន រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់ ផលិតផលបានពីការចាក់ដោយម្ជុល ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា សម្ភារអគ្គិសនី សរសៃអំបោះសិប្បនិម្មិតខ្លីៗ យានក្រៅពីអយស្ម័យយាន ឬអយរថអគ្គិសនី និងសម្ភារមួយចំនួនទៀត។

សូមបញ្ជាក់ថា គិតត្រឹម១០ខែនេះ សម្រាប់ការនាំចេញសរុបទៅកាន់ទីផ្សារអន្តរជាតិមានចំនួន ២១,៥៧ពាន់លានដុល្លារ កើន ១៦% ក្នុងនោះ អាមេរិកមានតម្លៃជាង ៨,២ពាន់លានដុល្លារ កើន៩,៨% ចិនមានតម្លៃជាង១,៤ពាន់លានដុល្លារ កើន២១,១% និងជប៉ុនមានតម្លៃជាង១,១ពាន់លានដុល្លារ កើន១៨% រួមនឹងទីផ្សារផ្សេងទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)