Register Already an agent ? Login

ប្រមុខរាជរដ្ឋាភិបាល លើកទ្បើងពីកត្តាទាក់ទាញចំនួន៦ កម្ពុជាផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ពីកត្តាទាក់ទាញដែលកម្ពុជាផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេសសំខាន់ៗចំនួន៦ ដោយបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយវិនិយោគិនទាំងអស់ ចេញយន្តការទាក់ទាញ និងគាំទ្រវិនិយោគ ដែលមានប្រសិទ្ធភាព, ផ្ដល់ភាពបត់បែនខ្ពស់, អាចបញ្ចៀសហានិភ័យ និងទាញយកផលប្រយោជន៍ឱ្យបានច្រើន នៅក្នុងបរិការណ៍ពិភពលោកបច្ចុប្បន្ន និងអនាគត។

ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយសហគ្រិនត្រកូលលីនពិភពលោក មកពីបណ្តាប្រទេសទាំង ១៥ និង ៣៨តំបន់ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទ្បើងពីកត្តាទាក់ទាញដែលកម្ពុជាផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស មានជាអាទិ៍៖

ទី១-ប្រទេសកម្ពុជា បានផ្តល់នូវបរិយាកាសសន្តិភាពនិងស្ថិរភាពជាកត្តាមូលដ្ឋាន ដែលអនុញ្ញាតឱ្យអ្នកវិនិយោគ ធ្វើការសម្រេចចិត្តអំពីទីតាំងដែលត្រូវវិនិយោគ។ ទី២-កម្ពុជាផ្តល់ជូននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយជាប់ចំណាត់ថ្នាក់ជាទីផ្សារដែលកំពុងរីកចម្រើនបំផុត សម្រាប់ការវិនិយោគបរទេសនៅឆ្នាំ២០២៤ ដែលនេះបានផ្តល់កំណើន GDP យ៉ាងរឹងមាំអតិផរណាទាបជាង ៣% និងការពង្រីកផ្នែក FDI។

សម្ដេចធិបតី បានគូសបញ្ជាក់ ទី៣-កម្ពុជាមានបរិយាកាសធុរកិច្ចប្រកបដោយភាពស្និទ្ធស្នាល និងឆ្លើយតបទៅនឹងវិនិយោគ។ ច្បាប់ វិនិយោគរបស់កម្ពុជាមានលក្ខណៈសេរីជាមួយនឹងការលើកទឹកចិត្តចម្រុះ មានភាពបត់បែន និងមានភាពការលើកទឹកចិត្តដល់អ្នកវិនិយោគ។

ទី​៤-កម្ពុជា​ជា​ទីតាំង​យុទ្ធសាស្ត្រ និងទទួលបាន​ឱកាសអំពី​កិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ការវិនិយោគ​នៅ​កម្ពុជា គឺមិនត្រឹម​តែ​វិនិយោគ​សម្រាប់​ទីផ្សារ​ប្រជាជន​ ១៧​លាន​នាក់​នោះទេ ប៉ុន្តែ ជាការបើកឱកាសទៅកាន់តំបន់ផ្សេងទៀតលើពិភពលោក ដោយសារកម្ពុជាមានកិច្ចព្រមព្រៀងជាច្រើន រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន, កម្ពុជា-ចិន កម្ពុជា-កូរ៉េ។ ជាការថ្លែងបន្ត សម្ដេចធិបតី។

សម្ដេចធិបតី បានថ្លែងបន្តទៀតថា ជាមួយគ្នានេះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ក៏ដូចជាការផ្តល់ជូនជាច្រើនទៀត និងការកាត់បន្ថយ សម្ពាធលើទីផ្សារ នៅអឺរ៉ុប និងប្រទេសដទៃទៀត ដូច្នេះ​ការ​វិនិយោគ​នៅ​កម្ពុជា គឺជាការ​វិនិយោគ​ទៅ​កាន់​តំបន់ផ្សេង​ទៀតលើនៃ​ពិភពលោក។

បើតាម ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ទៀតថា ទី៥-កម្ពុជាមានយុវជនថាមវន្ត និងប្រជាជននិយាយភាសាអង់គ្លេស ៦០% នៃចំនួនប្រជាជនរបស់ខ្លួនមាន អាយុក្រោម៣៥ឆ្នាំ។ ប្រទេសកម្ពុជា បានអនុវត្តកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈទូលំទូលាយសម្រាប់មនុស្សវ័យក្មេង ១,៥លាននាក់ នេះធានាថាកម្ពុជាមានសមត្ថភាពក្នុងការផ្តល់ជូនអាជីវកម្ម នូវកម្លាំងពលកម្មដែលត្រៀមរួចជាស្រេច ដើម្បីបំពេញតម្រូវការ ។

សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ទី៦-កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បាននិងកំពុងពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីធ្វើសមាហរណកម្មនិងតភ្ជាប់បណ្តាញដឹកជញ្ជូនរបស់កម្ពុជា ទៅនិងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ ក៏ដូចជាការភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជិតខាង និងមជ្ឈមណ្ឌលនាំចេញសំខាន់ៗនៅក្នុងតំបន់។ ចំណែកឯ សេដ្ឋកិច្ចបៃតង និងឌីជីថល ​ជា​តំបន់​ថ្មី និង​ជា​អាទិភាព​ថ្មី​របស់​រដ្ឋាភិបាល ដោយរាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តចំពោះថាមពលប្រកបដោយនិរន្តរភាព ជាមួយនឹងសក្តានុពលថាមពលពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី។

លើសពីនេះទៀត កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់វិនិយោគថ្មី ដើម្បីលើកកម្ពស់ និងជំរុញការវិនិយោគ ឲ្យមានប្រសិទ្ធភាព តាមរយៈការកំណត់នូវវិស័យអាទិភាពជាក់លាក់ និងការលើកទឹកចិត្តដ៏ប្រសើរ សម្រាប់វិនិយោគិន។ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវយន្តការរាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីទទួលស្ដាប់អំពីបញ្ហាប្រឈមរបស់វិនិយោគិន និងធុរជន និងដាក់ចេញនូវដំណោះស្រាយសមស្រប ជាដើម។ ជាការថ្លែងបន្ថែមទៀត សម្ដេចនាយករដ្ឋមន្រ្តី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)