Register Already an agent ? Login

រយៈពេល ១០ខែ ឆ្នាំ២០២៤ កំណើននៃការវិនិយោគកម្ពុជា មានប្រមាណ ៣៨% បើប្រៀបនឹងឆ្នាំ២០២៣

ភ្នំពេញ៖ កំណើននៃការវិនិយោគក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៤នេះ មានប្រមាណ ៣៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ បើតាមការថ្លែង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

តាមការថ្លែង លោក ជា វុទ្ធី ក្នុង “វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មត្រកូលលីនកម្ពុជា អន្តរជាតិ” នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក៏មានការចូលរួមពីសំណាក់ Tan Sri Dato LIM SOON PENG ប្រធានស្ថាបនិកសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក, លោក ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា, លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ថ្លែងសុន្ទរកថាក្នុង វេទិកា អគ្គលេខាថិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក និងសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា ដែលបានផ្ដួចផ្ដើមគំនិតសហការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង ដែលជាសមិទ្ធផលនៃជំនួបរវាង សម្ដេចធិបតីនាយករដ្ឋមន្ត្រី និង Tan Sri Dato LIM SOON PENG  កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

វេទិកានេះពិតជាមានសារៈសំខាន់សម្រាប់វិនិយោគិន និងធុរជន ក្នុងការបង្កើនទំនាក់ទំនងនិងបណ្ដាញ ព្រមទាំងស្វែងយល់បន្ថែមអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្តថ្មីៗ និងសក្ដានុពលវិនិយោគនៅកម្ពុជា។ ជាការថ្លែងបញ្ជាក់ លោក ជា វុទ្ធី បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក និងសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា នឹងបន្តប្រកៀកស្មាគ្នា ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញ និងទាក់ទាញវិនិយោគិនបរទេស។

លោក បានថ្លែងបន្តថា ពិចារណាជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគប្រកបដោយសក្តានុពល សម្រាប់ការវិនិយោគផ្ទាល់ ឬចាប់ដៃគូធុរកិច្ចជាមួយវិនិយោគិនក្នុងស្រុក ដើម្បីវិនិយោគលើវិស័យអាទិភាពខ្ពស់ដូចជា កសិកម្មនិងកសិឧស្សាហកម្ម, កម្មន្តសាលយានយន្ត និងអេឡិចត្រូនិក, ការអភិវឌ្ឍសួនឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ចពិសេស, ទេសចរណ៍និងបដិសណ្ឋារកិច្ច, និងបច្ចេកវិទ្យាឌីជីថលនិងបៃតង ជាដើម។

ជាមួយគ្នានេះផងដែរ អគ្គលេខាធិការ ក៏បានគូសបញ្ជាក់ជូនអង្គវេទិកាពីសារៈសំខាន់នៃកត្តាសុខសន្តិភាពនៅកម្ពុជាប្រមាណជាង ២ទសវត្សរ៍ ចុងក្រោយនេះ ដែលបានធ្វើឱ្យកម្ពុជាមានការីកចំរើនស្ទើរគ្រប់វិស័យ, កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ២០២៣ ដែលសម្រេចបានប្រមាណ ៥%, និងកំណើននៃការវិនិយោគក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៤នេះ ដែលមានប្រមាណ ៣៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

បន្ថែមលើនេះ លោក ចែករំលែកនូវចំណុចគន្លឹះមួយចំនួនដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយនៅអាស៊ីអាគ្នេយ៍៕

ដោយ៖ មឿន ឌីណា (Moeun Dyna)