យូណាន៖ ក្រុមហ៊ុន Sailun Group កំពុងសហការវិនិយោគជាមួយនឹងស្ថានប័នមួយចំនួននៅកម្ពុជា គ្រោងពង្រីកវិនិយោគបន្ថែម កែច្នៃផលិតផលកៅស៊ូផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ហើយនិងបង្កើតសួនឧស្សាហកម្មសម្រាប់ខ្សែច្រវាក់ផលិតកម្មនៃឧស្សាហកម្មកែច្នៃកៅស៊ូផងដែរ។
ខាងលើជាការលើកឡើង លោក Yuan Zhongxue ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group ដែលបានចូលជួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។
ជំនួបនេះកាលពីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកប្រធានកិត្តិយសក្រុមហ៊ុន បានជម្រាបជូន សម្ដេចធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅតាមបណ្ដាប្រទេសមួយចំនួន និងវឌ្ឍនភាពនៃការវិនិយោគ ក៏ដូចជាកិច្ចសហការរបស់ក្រុមហ៊ុនជាមួយនឹងស្ថានប័នមួយចំនួនរបស់កម្ពុជាផងដែរ។
លោក ក៏បានគូសបញ្ជាក់ អំពីគោលបំណងរបស់ក្រុមហ៊ុន គ្រោងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ដោយផ្ដោតទៅលើ ១-ការកែច្នៃផលិតផលកៅស៊ូ ដើម្បីផលិតចេញជាផលិតផលផ្សេងៗ ដែលមានដូចជាសំបកកង់រថយន្តជាដើម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ, និង ២-ការបង្កើតសួនឧស្សាហកម្មសម្រាប់ខ្សែច្រវាក់ផលិតកម្មនៃឧស្សាហកម្មកែច្នៃកៅស៊ូ ក៏ដូចជាសមត្ថភាពផលិតរបស់ក្រុមហ៊ុននៅក្នុងតំបន់ផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យរបស់ក្រុមហ៊ុននៅក្នុងទីផ្សារពិភពលោក ក៏ដូចជាការរីកចម្រើនរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។
សម្ដេចនាយករដ្ឋមន្រ្តី ក៏បានសម្ដែងនូវការស្វាគមន៍ និងគាំទ្រចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួន ក្នុងការបង្កើតឱ្យមាននូវប្រព័ន្ធអេកូស៊ីស្ទឹមពេញលេញនៅក្នុងការផលិតសំបកកង់រថយន្តនៅក្នុងសួនឧស្សាហកម្មនេះ។
គឺជាចំណុចមួយដ៏ល្អ ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យគិតគូរទៅដល់ការបង្កើតនូវខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងស្រុក ក៏ដូជាទីផ្សារអន្តរជាតិផងដែរ។ ជាការគូសបញ្ជាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសហការ និងពិភាក្សាបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយគោលបំណងពង្រីកការវិនិយោគនេះឱ្យទៅជាសកម្មភាពជាក់ស្ដែងផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)