យូណាន៖ ក្រុមហ៊ុន Guoxing Group Companies កំពុងវិនិយោគនៅកម្ពុជា បានគូសបញ្ជាក់មុខរាជរដ្ឋាភិបាលកម្ពុជាថា មានផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងរយៈ ៥ឆ្នាំខាងមុខលើការបង្កើតសួនឧស្សាហកម្ម។ នឹងពិនិត្យលទ្ធភាពនៅក្នុងការវិនិយោគវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិ ដើម្បីពង្រឹងគុណភាពដី និងជំរុញផលិតភាពផលិតផលកសិកម្ម។
ខាងលើជាការលើកឡើង លោក Li Guolian ប្រធានក្រុមហ៊ុន ដែលបានជួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។
ជំនួបនេះ កាលពីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូន សម្ដេចធិបតី អំពីសកម្មភាពវិនិយោគនាពេលកន្លងមករបស់ក្រុមហ៊ុននៅកម្ពុជា និងអំពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងរយៈ ៥ឆ្នាំខាងមុខលើការបង្កើតសួនឧស្សាហកម្ម។
ក្រៅពីការវិនិយោគលើសួនឧស្សាហកម្ម ក្រុមហ៊ុន Guoxing Group ក៏នឹងពិនិត្យលទ្ធភាពនៅក្នុងការវិនិយោគវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិ ដើម្បីពង្រឹងគុណភាពដី និងជំរុញផលិតភាពផលិតផលកសិកម្ម។ ជាការបន្ត លោក Li Guolian។
ប្រធានក្រុមហ៊ុនរូបនេះ បានបន្ថែមឱ្យដឹងថា បណ្តាក្រុមហ៊ុនជាច្រើនរបស់ចិន បានធ្វើដំណើរទស្សនកិច្ចពាណិជ្ជកម្មមកកម្ពុជា៤លើកមកហើយ ក្រោមការសម្របសម្រួលរបស់ Guoxing Group ដើម្បីស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងបានប្ដេជ្ញាបោះទុនវិនិយោគនៅក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវការរីករាយចំពោះក្រុមហ៊ុនដែលបានបោះទុនវិនិយោគនៅកម្ពុជា និងមានផែនការពង្រីកការវិនិយោគបន្ថែមទៀត។
សម្ដេចនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់ជោគជ័យរបស់បណ្ដាក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា នេះជាចំណុចដ៏ល្អមួយដែលក្រុមហ៊ុន Guoxing Group មានបណ្ដាក្រុមហ៊ុនចូលរួមច្រើន ដើម្បីផលិតជាខ្សែច្រវាក់ផលិតកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលផ្តល់នូបការគាំទ្រ និងផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគដែលផលិតនូវច្រវាក់ផលិតកម្មដើម្បីផ្តង់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស៕
ដោយ៖ មឿន ឌីណា (Moeun Dyna)