កោះកុង៖ គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពសាងសង់បាន ៦៧,៤៥%ហើយ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រុមការងារការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកសាងសង់បង្កើនសកម្មភាពអ៊ុតកៅស៊ូAC ដែលកំពុងដំណើរការដើម្បីលេចចេញនូវវឌ្ឍនភាពដ៍ត្រចះត្រចង់ និងអាចបញ្ចប់ការងារអ៊ុតACនៅចុងរដូវប្រាំងឆ្នាំ២០២៥ ដើម្បីធានាវឌ្ឍនភាពការងារសាងសង់សម្រេចបានតាមការគ្រោងទុក។
គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ បានប្រារព្ធពិធីបើកការដ្ឋានកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ ម្រោងនេះ នឹងត្រូវអនុវត្តសាងសង់ដោយក្រុម ហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ថវិកាប្រមាណ ៧៨លានដុល្លារ។
ផ្លូវជាតិលេខ៤៨ តភ្ជាប់ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងផ្លូវនេះ រួមមាន៖ ផ្លូវ ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និងផ្លូវ៤គន្លង មានប្រវែង ២៥.១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨.៥ម៉ែត្រ ដល់២១.៥ម៉ែត្រ។
គូសបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ដែលប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍ នឹងសូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំដឹកធ្ងន់ពេក ដោយអំឡុងពេលនេះភ្លៀងនៅបន្តធ្លាក់ជោគជាំនៅឡើយ បណ្តាលឱ្យមានការលំបាកធ្វើដំណើរដោយកន្លែង ជាពិសេសចំណុចឡើងទូល និងចុះចំណោតជាដើម។ ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។
ផ្លូវជាតិលេខ៤៨នេះ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយរបស់ប៉ូលសេដ្ឋកិច្ចទីពីរ ដែលរួមមានខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង ដែលជាតំបន់ឧស្សាហកម្ម ទេសចរណ៍ធម្មជាតិ និងតំបន់មាត់សមុទ្រ។ ខ្សែផ្លូវនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ ដែលកំពុងដំណើរការសាងសង់ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា។
ផ្លូវនេះនឹងត្រូវបានចាត់ទុកថា ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួល ដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្ម តភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅ នៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។
ផ្លូវជាតិលេខ៤៨នេះ នឹងជួយជំរុញ សក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុងបន្ថែមទៀត ក៏ដូចជាតំបន់ទេសចរណ៍គីរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ នៅភាគនិរតីនៃកម្ពុជា។ តាមរយៈផ្លូវជាតិដ៏មានសក្តានុពលនេះ ក៏នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង ដោយរំពឹងបាននូវការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)