កំពត៖ គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ វឌ្ឍនភាពនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចលទ្ធផលការងារសរុបចំនួន ៩៨,៨៩% ហើយ។ បើតាម លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ចុះពិនិត្យនេះ ក៏មានការចូលរួមពីក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន ផងដែរ។
បេសកកម្មនាឱកាសនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលស្ថានភាពសាងសង់ និងការងារបច្ចេកទេស ធានាឱ្យបានថាគម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។ បើតាមការបញ្ជាក់ លោក ប៉ាល់ ចន្ទតារា។
នាឱកាសនោះ លោក បានណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ដោយត្រូវតាមដានគុណភាពផ្លូវឱ្យកាន់តែល្អិតល្អន់ជាមុននៅរដូវភ្ញៀវនេះ ពិនិត្យលទ្ធភាពលើការងារកាយប្រឡាយរំដោះទឹក បង្កើនការយកចិត្តទុកលើការងារបំពាក់បរិក្ខារសុវត្ថិភាព និងផ្លូវថ្មើជើង។
លោក បានបន្តថា ក្នុងនោះផងដែរ ពិនិត្យគំនូសផ្លូវឱ្យបានត្រឹមត្រូវតាមបច្ចេកទេស កំណត់ទីតាំងឱ្យបានច្បាស់លាស់ និងបោះបង្គោលដីចំណីផ្លូវឱ្យបានត្រឹមត្រូវ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែឆាប់រហ័ស។
សូមរម្លឹកថា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ទឹកប្រាក់ប្រមាណ ៦១លានដុល្លារ ដែលជាឥទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។
គម្រោងនេះមានប្រវែងប្រមាណ ៥២,៥៧គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្តក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប។
គួរបញ្ជាក់ថា ផ្លូវនេះជួយដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការជួយសម្រួល ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ។ ម្យ៉ាងទៀត នឹងជួយប្រែក្លាយតំបន់ឆ្នេរឱ្យក្លាយទៅជាតំបន់មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរ ដើម្បីរួមចំណែកក្នុងការជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម ការវិនិយោគ និងការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)