ក្រុងម៉ានីឡា៖ អង្ករក្រអូបប្រណិតកម្ពុជា បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោកជាលើកទី៦។
បើតាមការបញ្ជាក់ សហព័ន្ធស្រូវអង្ករកម្ពុជា ការឈ្នះពានរង្វាន់លើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក (World Best Rice) នៅក្នុងកម្មវិធី សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤ នាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤ រៀបចំឡើងដោយ វិទ្យាស្ថានគ្រាប់ធុញ្ញជាតិអន្តរជាតិ International Commodity Institute (ICI) និង The Rice Trader (TRT) របស់សហរដ្ឋអាមេរិក។
គូសបញ្ជាក់ថា អង្ករម៉ាក "ម្លិះអង្គរ" ជាអង្ករដែលមានគុណភាព និងទុកចិត្តបានសម្រាប់ អង្ករក្រអូបប្រណិតកម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជា អបអរសាទរ ដល់ប្រជាកសិករកម្ពុជាដែលបានខិតខំធ្វើការងារបានយ៉ាងល្អក្នុងការដាំដុះ និងអរគុណដល់រោងម៉ាស៊ីនកិនស្រូវដែលបានខិតខំសម្រិតសម្រាំងនិង កិនកែច្នៃអង្ករបានយ៉ាងល្អរហូតទទួលបានជ័យជំនះជូនប្រទេសជាតិ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)