យូណាន៖ ក្រុមហ៊ុន Fortune Rich Trade Co.,Ltd. Ju Wang Footwear Co.,Ltd., មានគម្រោងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀតតាមរយៈ ការបង្កើតរោងចក្រផលិតសំលៀកបំពាក់ ស្ត្រី និងកុមារ សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ បើតាមការបញ្ជាក់ លោក Mu Hsin Yuan ប្រធានក្រុមហ៊ុននេះ។
តាមការបញ្ជាក់ លោក Mu Hsin Yuan សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាស សម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
ជំនួបនេះ នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកប្រធានក្រុមហ៊ុន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា និងមានជំនឿជឿជាក់ថាប្រទេសកម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។
រាជរដ្ឋាភិបាលកម្ពុជា ធានាបាននូវបរិយាកាសវិនិយោគមួយប្រកបដោយស្ថិរភាព និងអនុគ្រោះ សម្រាប់វិនិយោគិន និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដល់ការគាំទ្រដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា។ ជាបន្ត លោក Mu បានជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុននៅកម្ពុជា ដោយបានគូសបញ្ជាក់ថា គ្រោងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀតតាមរយៈ ការបង្កើតរោងចក្រផលិតសំលៀកបំពាក់ ស្ត្រី និងកុមារ សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការអបអរសាទរចំពោះជោគជ័យរបស់ក្រុមហ៊ុននៅកម្ពុជា និងបានគូសបញ្ជាក់ថា វិស័យវាយនភ័ណ្ឌ និងសំលៀកបំពាក់ ជាវិស័យដែលកំពុងមានការរីកចម្រើនខ្លាំង។
រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់លើវិស័យនេះ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីគាំទ្រដល់ជោគជ័យរបស់ក្រុមហ៊ុន សហគ្រាសដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ជាការបន្ត សម្ដេចធិបតី បន្ថែមថា ក្នុងនោះ រាជរដ្ឋាភិបាលបានដាក់ចេញការលើកទឹកចិត្តចំពោះក្រុមហ៊ុន ឬរោងចក្រណាដែលអាចប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់ការទ្រទ្រង់ដល់ខ្សែច្រវាក់ផលិតកម្ម។
សម្ដេចធិបតី បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍និងបើកចំហរកិច្ចពិភាក្សាជាមួយវិស័យឯកជន សំដៅរួមគ្នាធ្វើឱ្យការវិនិយោគរបស់ក្រុមហ៊ុនទទូលបានជោគជ័យបន្ថែមទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)