Register Already an agent ? Login

ក្រុមហ៊ុន Zhongjiao Tongli គ្រោងពង្រីកវិនិយោគលើវិស័យកសិកម្មបន្ថែម ក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី

យូណាន៖ លោក Zhongdi Sun ប្រធានក្រុមហ៊ុន ZhongJiao Tongli កំពុងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលមានដូចជា ដំណាំចេក និងស្វាយ បានគូសបញ្ជាក់ មុខរាជរដ្ឋាភិបាលកម្ពុជា គ្រោងពង្រីកបន្ថែមលើវិស័យកសិកម្មនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Zhongdi Sun ប្រធានក្រុមហ៊ុន ZhongJiao Tongli ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

បើតាមជំនួបនេះ នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកប្រធានក្រុមហ៊ុនបានលើកឡើងថា កម្ពុជាគឺជាប្រទេសដែលមាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលការណ៍នេះជាកាលានុវត្តភាព និងកត្តាអំណោយផល សម្រាប់ការវិនិយោគនៅក្នុងកម្ពុជា។

លោកប្រធានក្រុមហ៊ុន បានជម្រាបជូន សម្ដេចធិបតីថា ក្រុមហ៊ុន Zhongjiao Tongli មានមូលដ្ឋាននៅក្រុងស៊ីអាន (Xi'an) និងមានប្រតិបត្តិការអាជីវកម្មលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាលពលស្អាត និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ។

ក្រុមហ៊ុន បាននិងកំពុងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលមានដូចជា ដំណាំចេក និងស្វាយ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង។ ជាការបន្ត លោក Zhongdi Sun បានគូសបញ្ជាក់ថា ក្រុមហ៊ុនមានបំណងពង្រីកការវិនិយោគលើវិស័យកសិកម្ម នៅភាគឦសានបន្ថែមទៀតផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្តីសោមន្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានវិនិយោគ និងបង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។ សម្ដេច ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពទៅលើវិស័យកសិកម្ម និងបន្តគាំទ្រការវិនិយោគលើវិស័យនេះនៅកម្ពុជា។

ជាមួយគ្នានោះ សម្ដេចធិបតី បានបន្ថែមថា រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តការវិនិយោគនៅខេត្តភាគឦសាននៃប្រទេស ហើយផ្អែកតាមគោលនយោបាយនេះ ក្រុមហ៊ុនអាចពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្សេងៗទៀតនៅតំបន់នោះផងដែរ។

ពាក់ព័ន្ធនឹងលទ្ធភាពនៃការពង្រីការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសហការនិងពិភាក្សាបន្ថែមទៀតជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)