Register Already an agent ? Login

កម្ពុជា នាំយកផលិតផលគុណភាពខ្ពស់ជាង១០០មុខ ដាក់តាំងបង្ហាញក្នុងពិព័រណ៍កម្រិតអន្តរជាតិនៅទីក្រុងសៀងហៃ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បាននាំយកផលិតផលគុណភាពខ្ពស់កម្ពុជាជាង១០០មុខ ចូលរួមដាក់តាំងបង្ហាញក្នុងពិព័រណ៍កម្រិតអន្តរជាតិនៅទីក្រុងសៀងហៃ ប្រទេសចិន។

ផលិតផលមានគុណភាពខ្ពស់របស់កម្ពុជាជាង១០០មុខ ដែលក្រសួងពាណិជ្ជកម្ម បាននាំយកចូលរួម មានដូចជា៖ អង្ករ គ្រាប់ស្វាយចន្ទី សម្ភារធ្វើដំណើរ និងការបូប ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំ កាហ្វេ ដំណាប់ស្វាយ តែម្រេច តែ ទឹកជ្រលក់ម្រេច ម្សៅប្រហុក ស្ករត្នោត ទឹកស្ករត្នោត ស្ករគ្រាប់ត្នោត មីកញ្ចប់ មីជាតិ សម្ភារកែច្នៃសំណល់ប្លាស្ទិក ។ល។

ការនាំយកផលិតផលកម្ពុជាទៅចូលរួមដាក់តាំងបង្ហាញក្នុងពិព័រណ៍កម្រិតអន្តរជាតិនេះ ធ្វើឡើងនាឱកាសសម្ពោធពន្លាជាតិកម្ពុជា ក្រោមអធិបតីភាព លោក ណាំ លីណាល់ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៧” ក្រោមមូលបទ “យុគ្គសម័យថ្មី អនាគតរួម - New Era, Shared Future” ដែលប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ជាតិ ទីក្រុងសៀងហៃ មានប្រទេសចូលរួមសរុបចំនួន ១៦០ប្រទេស។

គូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានរៀបចំពន្លាជាតិកម្ពុជាទំហំ ១៣២ម៉ែត្រក្រឡា តាមរចនាបទកម្ពុជាក្នុងយុគ្គសម័យទំនើប ដោយផ្អែកលើគោលគំនិតរចនា “នវានុវត្តន៍ឆ្ពោះទៅរកអនាគត វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ធ្វើឱ្យជីវិតកាន់តែប្រសើរ”។

ពន្លាជាតិកម្ពុជា បានដំឡើងយ៉ាងប្រណីត ដោយបែងចែកជា ៤តំបន់ រួមមាន៖

១-តំបន់តាំងបង្ហាញផលិតផលគុណភាពខ្ពស់កម្ពុជា៖ សម្រាប់ដាក់តាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់ ការវេចខ្ចប់ប្រណីត និងមានស្តង់ដារអណាម័យទទួលស្គាល់ថ្នាក់ជាតិនិងអន្តរជាតិជាង ១០០មុខ។

២-តំបន់វេទិកាសម្តែង និងផ្ទាំង LED៖ សម្រាប់ផ្សព្វផ្សាយស្ថានភាព និងសក្តាលនុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ សិល្បៈ និងទេសចរណ៍ របស់កម្ពុជា។

៣-តំបន់ជំនួបធុរកិច្ច៖ សម្រាប់ក្រុមហ៊ុន/សហគ្រាសកម្ពុជាទទួលជួបពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តិការធុរកិច្ច ជាមួយក្រុមហ៊ុនដែលបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ។

៤-តំបន់ផ្តល់ព័ត៌មាន និងភ្លក់រសជាតិ៖ ផ្តល់ព័ត៌មានអំពីការធ្វើធុរកិច្ចនិងកិច្ចសម្រួលពាណិជ្ជកម្ម និងភ្លក់រសជាតិ គ្រាប់ស្វាយចន្ទី កាហ្វេមណ្ឌលគិរី មីជាតិ និងបាយអង្ករសែនក្រអូប។

បន្ថែមលើនេះ ក្រសួងពាណិជ្ជកម្មក៏បានសម្របសម្រួលក្រុមហ៊ុនចំនួន១១ ដើម្បីចូលរួមដាក់តាំងបង្ហាញផលិតផល នៅតំបន់ស្តង់ពិព័រណ៍ពាណិជ្ជកម្ម និងពន្លាជាតិកម្ពុជា នាព្រឹត្តិការណ៍ពិព័រណ៍នេះផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)