ភ្នំពេញ៖ ដើម្បីសម្រេចបានគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្របដណ្តប់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន នៅទីក្រុងឱ្យបាន ១០០% និងជនបទឱ្យបាន ៧០% នៅឆ្នាំ២០២៥ រដ្ឋាភិបាលចិននឹងជំរុញការវិនិយោគបន្ថែម។ ជាការថ្លែងបញ្ជាក់ លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ការថ្លែងបញ្ជាក់ លោក វ៉ាង វិនពិន នៅក្នុង «វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា ឆ្នាំ២០២៤» និងពិធីសម្ពោធ «សមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា» នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្រុមហ៊ុនចិន ដែលកំពុងវិនិយោគនៅកម្ពុជាកំពុងតែបញ្ចេញអស់សមត្ថភាពរបស់ខ្លួន មានឧត្តមភាពខាងបច្ចេកវិទ្យា ជំរុញដាក់ឱ្យអនុវត្តនិងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាក្លោដ និងការទូទាត់ប្រាក់ចល័ត។ ជាការថ្លែងបន្ត លោក វ៉ាង វិនពិន បានបន្តទៀតថា ដែលជាបច្ចេកវិទ្យាបែបថ្មី នៅគ្រប់មុខរបរនិងវិស័យនៅកម្ពុជា ដោយជួយកម្ពុជាក្នុងការលើកកម្ពស់កម្រិតបច្ចេកវិទ្យាឌីជីថល និងសម្រេចបានបរិវត្តកម្មឌីជីថលជាបន្តបន្ទាប់។
ឯកអគ្គរដ្ឋទូតចិន ក៏បានបន្តទៀតថា ការបង្កើតសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលចិន-កម្ពុជា គឺចំពេលវេលាដែលត្រឹមត្រូវ បង្ហាញយ៉ាងកាន់តែច្បាស់អំពីការផ្តល់សារៈសំខាន់កាន់តែខ្លាំងទៅលើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថលរវាងប្រទេសទាំងពីរ គឺជំហ៊ានដល់សំខាន់ការលើកកម្ពស់គុណភាពនិងបង្កើនឋានៈ។
កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំពីរនឹងបង្កើតបានជាទស្សនៈវិស័យកាន់តែធំទូលំទូលាយ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរចិន-កម្ពុជាប្រកបដោយចីរភាពនឹងចាក់បញ្ចូលថាមពលកាន់តែខ្លាំងក្លាដល់កម្ពុជា ក្នុងការសម្រេចបាននូវបរិវត្ត កម្មឌីជីថល និងការអភិវឌ្ឍខ្លាំងក្លា។ ជាការគូសបញ្ជាក់ លោកទូត។
នាឱកាសនោះ លោកទូត បានជំរុញដល់សមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា បញ្ចេញឱ្យអស់តួនាទីជាស្ពានភ្ជាប់ទំនាក់ទន់ និងការដឹកនាំសកម្មក្នុងការជំរុញការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថលរវាងប្រទេសទាំពីរ ដឹកនាំសហគ្រាសដែលជាសមាជិកឱ្យជីកកកាយឱ្យអស់កាលានុវត្តភាពសេដ្ឋកិច្ចឌីជីថលកម្ពុជា អភិវឌ្ឍទីផ្សារថ្មីនៃមុខរបរឌីជីថល សម្រេចបានការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះរវាងចិន-កម្ពុជា។
លោកទូត បានបន្ថែមថា ត្រូវពង្រឹងការកសាងសមត្ថភាពអង្គភាពជាបន្តបន្ទាប់ ធ្វើឱ្យប្រសើរនូវយន្តការគ្រប់គ្រងផ្ទៃក្នុងជាបន្តបន្ទាប់ ផ្តល់សេវាគុណភាពល្អដល់អង្គភាពជាសមាជិក ជួយសហគ្រាសលើកកម្ពស់ សមត្ថភាពប្រកួតប្រជែងជារួម និងលើកទឹកចិត្ត និងគាំទ្រអង្គភាពជាសមាជិកចាក់ឬសឱ្យបានរឹងមាំនៅប្រទេសកម្ពុជា។
ការបង្កើតសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលចិន-កម្ពុជា នឹងរួមចំណែកក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងចិន ក្នុងដែនសមត្ថិកិច្ចឌីជីថលបន្ថែមទៀត។ ការថ្លែងគូសបញ្ជាក់ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក អូន ព័ន្ធមុនីរ័ត្ន បានបន្តថា កិច្ចការនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន អាចពង្រីកកិច្ចសហការជាមួយដៃគូ នៃវិស័យឯកជនរបស់កម្ពុជា ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ សន្តិសុខសាយប័រ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
លោក បានបន្តទៀតថា សមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបើកផ្លូវបន្ថែមសម្រាប់រៀបចំកិច្ចសហការ រវាងវិស័យឯកជននិងរាជរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជនខ្លួនឯងសំដៅបង្កើតនិងបង្កើននវានុវត្តន៍ឌីជីថលក្នុងវិស័យជំនាញ ជំរុញលំហូរនៃទេពកោសល្យឌីឌីថល និងការបណ្តុះបណ្តាលជំនាញឌីជីថលថ្មីៗ និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល៕
ដោយ៖ មឿន ឌីណា (Moeun Dyna)