ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន ១០លានដុល្លារ ដើម្បីគាំទ្រការឆ្លើយតបនឹងអំពើហិង្សាដែល ទាក់ទងនឹងយេនឌ័រ នៅកម្ពុជា។ បើតាមការការប្រកាសព័ត៌មាន ADB បានបញ្ជាក់ថា ការផ្ដល់នេះក្នុងគោលបំណងជួយកម្ពុជាសម្រេចគោលដៅជាប្រទេសគ្មាន អំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ នៅឆ្នាំ២០៣០។
គម្រោងដ៏សំខាន់នេះ នឹងពង្រឹងយន្តការឆ្លើយតបជាប្រព័ន្ធ ពង្រីកលទ្ធភាពទទួលបាន ជម្រកសុវត្ថិភាព និងធានាថាជនរងគ្រោះទទួលបានការថែទាំដែលពួកគាត់ត្រូវការ។ បើតាមប្រសាសន៍ លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជា។
លោកស្រី Jyotsana មានប្រសាសន៍បន្តថា គម្រោងក៏នឹងលើកកម្ពស់កម្មវិធីការពារមានមូលដ្ឋាននៅសហគមន៍ដែលផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន ដើម្បីដើរតួនាទីសំខាន់ក្នុងការបង្កើនការយល់ដឹង និងបញ្ឈប់អំពើហិង្សា មុនពេលវាកើតឡើង។ ADB បន្តប្តេជ្ញាគាំទ្រកម្ពុជាក្នុងការកសាងសង្គមដែលមានសុវត្ថិភាព និងបរិយាបន្នកាន់តែច្រើនសម្រាប់ទាំងអស់គ្នា។
គម្រោងពង្រឹងប្រព័ន្ធសម្រាប់ប្រទេសដើម្បីការបង្ការ និងឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹង យេនឌ័រ ជាគំនិតផ្តួចផ្តើមដោយឡែកដំបូងរបស់មូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដែលផ្តោតជាពិសេសលើ សមភាពយេនឌ័រក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបង្កើតទំនាក់ទំនងច្បាស់លាស់រវាងប្រព័ន្ធអភិបាលកិច្ច ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងគុណភាពនិងលទ្ធភាពទទួលបានសេវាកម្ម ឆ្លើយតបនឹងយេនឌ័រ។ បើតាមសេចក្ដីប្រកាសព័ត៌មាន ADB។
សេចក្ដីប្រកាសព័ត៌មាន ADB បានបន្តទៀតថា គម្រោងនេះនឹង ពង្រឹងក្របខណ្ឌច្បាប់និងស្ថាប័នតាមរយៈការធ្វើបច្ចុប្បន្នភាពច្បាប់របស់កម្ពុជាស្តីពីអំពើហិង្សាក្នុងគ្រួសារ ធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវានៅថ្នាក់មូលដ្ឋាន ដោយពង្រឹងគុណភាព និងលទ្ធភាពទទួលបានសេវាឆ្លើយតបនិងចាត់ចែងជម្រកសុវត្ថិភាពសម្រាប់ជនរងគ្រោះ ជាពិសេសនៅ តំបន់ជនបទ និងជំរុញការប្រើប្រាស់ដំណោះស្រាយ ឌីជីថលនៅក្នុងកម្មវិធីមានមូលដ្ឋាននៅសាលារៀន និងនៅសហគមន៍សម្រាប់មនុស្សវ័យជំទង់ ដើម្បីពង្រឹងសេវាការពារ។
ចំនួនករណី ទាក់ទងនឹងយេនឌ័រ នៅតែបន្តមានច្រើនទោះបីជាប្រទេសកម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងយេនឌ័រ ក្នុងនោះរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល បានធ្វើការសាកល្បងវិធីសាស្រ្តបង្ការប្រកបដោយជោគជ័យក៏ដោយ។ ចាប់តាំងពីឆ្នាំ២០១៤ កម្រិតអត្រាករណីអំពើហឹង្សាបង្កដោយដៃគូស្និទ្ធស្នាលបានថយចុះ ៨ពិន្ទុ% មក ២១% សម្រាប់ចំនួនស្ត្រី (អាយុ១៥ ដល់៤៩ឆ្នាំ) ដែលទទួលរងអំពើហិង្សាយ៉ាងហោចណាស់ម្តងក្នុងជីវិតពួកគាត់ នេះបើយោងតាមអង្គការសុខភាពពិភពលោ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)