ភ្នំពេញ៖ ក្រុមហ៊ុន Mitui & Co., Ltd ជប៉ុនមានសកម្មភាពធុរកិច្ចក្នុងវិស័យជាច្រើនដូចជា រ៉ែ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការផលិតដែក ចំណីអាហារ ការលក់រាយ និងវិស័យព័ត៌មាននិងទូរគមនាគមន៍ ទស្សនកិច្ចសិក្សានៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ និងសក្តានុពលវិនិយោគរបស់កម្ពុជា។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូដឹកនាំដោយលោក KOHIYAMA Isao នាយកផ្នែកព័ត៌មានវិទ្យា និងទូរគមនាគមន៍នៃក្រុមហ៊ុន Mitsui & Co., Ltdកាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។
អគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ និងសក្តានុពលវិនិយោគរបស់កម្ពុជា។
លោក បានលើកឡើងថា ជាការកត់សម្គាល់ពីកំណើនខ្ពស់នៃការវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលបានចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា តាមរយៈការទាក់ទាញឧស្សាហកម្មថ្មីៗដូចជា ការផលិតកង់, ការផលិតសំបកកង់រថយន្ត, ការផលិតសម្ភារៈបរិក្ខាអេឡិចត្រូនិកនិងអគ្គិសនី, គ្រឿងបង្គុំរថយន្ត និងគ្រឿងសង្ហារឹម...។ល។
លោក KOHIYAMA Isao បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អគ្គលេខាធិការ និងសហការីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបគណៈប្រតិភូ ដោយបានផ្តល់នូវព័ត៌មានពាក់ព័ន្ធនឹងបរិយាកាសវិនិយោគនៅកម្ពុជា។
នាឱកាសនោះ លោក KOHIYAMA Isao បានធ្វើបទឧទ្ទេសនាមខ្លីអំពីសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុន និងបានចែករំលែកអំពីនិន្នាការនៃការអភិវឌ្ឍវិស័យព័ត៌មាន និងទូរគមនាគមន៍ និងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យនេះនៅកម្ពុជា។
ជាការឆ្លើយតប លោក ជា វុទ្ធី បានសម្តែងនូវក្តីសោនស្សរីករាយដោយបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនប្រញាប់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីទទួលបានផលចំណេញនិងបានស្នើឱ្យគណៈប្រតិភូជួយផ្សព្វផ្សាយពីបរិស្ថានវិនិយោគរបស់កម្ពុជាជូនទៅវិនិយោគិនជប៉ុន ដើម្បីពិនិត្យលទ្ធភាពមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទទៀត។
គួរបញ្ជាក់ថា ក្រុមហ៊ុន Mitui & Co., Ltd មានសកម្មភាពធុរកិច្ចក្នុងវិស័យជាច្រើនដូចជា រ៉ែ, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ការផលិតដែក, ចំណីអាហារ, ការលក់រាយ និងវិស័យព័ត៌មាននិងទូរគមនាគមន៍។ ក្រុមហ៊ុន Mitui & Co., Ltd ក៏មានភាគហ៊ុនក្នុងក្រុមហ៊ុន Smart Axiata Co., Ltd. ផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)