Register Already an agent ? Login

គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត នៅខេត្តកំពង់ធំ ហិរញ្ញប្បទានសម្បទានពីចិន វឌ្ឍនភាព៤៣% គ្រោងបញ្ចប់ឆ្នាំ២០២៧

កំពង់ធំ៖ វឌ្ឍនភាពគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមហិរញ្ញប្បទានសម្បទានពីប្រទេសចិន វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៤៣%។ បើតាម លោក ជីវ ស៊ុនហេង រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យវឌ្ឍនភាពគម្រោង។

តាមការចុះពិនិត្យនេះ បានដឹកនាំក្រុមការងារបច្ចេកទេសថ្នាក់ជាតិទទួលបន្ទុកការអនុវត្តគម្រោងក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីគ្រប់ដៃគូអភិវឌ្ឍន៍ និងពីថវិកាជាតិ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។

 ការអភិវឌ្ឍអាងទឹកដងកាំបិត ក្នុងភូមិសាស្ត្រខេត្តកំពង់ធំគឺក្នុងគោលបំណងដើម្បីធានានូវសន្ដិសុខសុវត្ថិភាពទឹក និងធានាការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីកសិកម្មនៅផ្នែកខាងក្រោម ព្រមទាំងជួយបង្កើនផលិតភាពកសិកម្ម។ ជាការគូសបញ្ជាក់ លោក ជីវ ស៊ុនហេង បានបន្តថា គម្រោងនេះក៏នឹងធានាដល់ការប្រើប្រាស់សម្រាប់ពហុវិស័យ ហើយជាផ្នែកមួយជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

លោក បានបន្តទៀតថា បន្ទាប់ពីការសាងសង់រួចគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតអាចមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលនៅផ្នែកខាងក្រោមបានប្រមាណជាង ១៣ម៉ឺនហិកតា និងបង្កើនទិន្នផលស្រូវពី ៤តោន ទៅ ៥,៤តោន ក្នុង១ហិកតា ហើយមានកសិករទទួលផលប្រមាណជាង ២ម៉ឺនគ្រួសារ ក្នុងស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ។

ក្នុងឱកាសនោះ រដ្ឋលេខាធិការ បានស្នើដល់ក្រុមការងារសាងសង់សូមបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាពទៅតាមបទដ្ឋានបច្ចេកទេស ព្រមទាំងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមការគ្រោងទុក និងបានសំណូមពរទៅដល់អ្នកពាក់ព័ន្ធបន្តចូលរួមសហការឱ្យបានជិតស្និទ្ធ ដើម្បីឱ្យដំណើរការសាងសង់សម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតមានការងារសំខាន់ៗដូចជា៖ ទី១)សាងសង់ទំនប់សរុបប្រវែង ២៦៨០ម៉ែត្រ និងទី២)សាងសង់ផ្លូវចូលទីតាំងទំនប់សរុបប្រវែង ១៦,៦គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ។ គម្រោងនេះប្រើរយៈពេលសាងសង់ប្រមាណ ៤៨ខែ ហើយគ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៧ បើគិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៤៣%៕

ដោយ៖ មឿន ឌីណា (Moeun  Dyna)