Register Already an agent ? Login

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន៩២,៩៤% ខណៈស្ពានខ្ពស់ជាងគេនៅលើផ្លូវជាតិនេះសម្រេចបាន៧៩%

ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន ៩២,៩៤% ខណៈស្ពានខ្ពស់ជាងគេដែលស្ថិតនៅលើផ្លូវជាតិមួយនេះ សម្រេចបាន ៧៩%។ បើតាម លោក បុង ប៊ុនហួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគ្រប់គ្រងគម្រោង ចុះពិនិត្យវឌ្ឍនភាពការងារ។

នាយកគ្រប់គ្រងគម្រោង បានចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,២១៨ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ចាប់ពីផ្លូវជាតិលេខ57-7 ត្រង់PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ការចុះពិនិត្យវឌ្ឍនភាពការងារ ក៏មានការចូលរួមពី រដ្ឋលេខាខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង និងក្រុមការងារជំនាញគ្រប់ផ្នែកពាក់ព័ន្ធចូលរួមផងដែរ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៩២,៩៤% ហើយ។

ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) វឌ្ឍនភាពនៃគម្រោងផ្លូវជាតិមួយខ្សែនេះ មានដូចជា៖ ការងារស្ថាបនាផ្លូវថ្នល់ ការងារលូកាត់ទទឹងថ្នល់ និងលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេ សងខាងផ្លូវ ការងារសាងសង់ស្ពានខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រសម្រេច បាន៧៩%។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ គ្រោងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ចំណាយថវិកាសរុបប្រមាណជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

នាពេលបច្ចុប្បន្ន ផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។

ចំពោះស្ថានភាពផ្លូវ ចាប់ពីPK 0 (សំឡូត)-PK 60(ក្រពើពីរ)កៅស៊ូ ,ពីPK 60-PK 85 ក្រួសក្រហម, ពីPK 85-PK 112(អូរសោម)កៅស៊ូ, ពីPK 112 -PK 130 ក្រួសក្រហម(អាចរអិលបន្តិចបន្តួចពេលភ្លៀងលើកំណាត់ខ្លះៗ), ពីPK 130-PK 160 កៅស៊ូ, PK 160 -PK 175 ក្រួសក្រហម និងពីPK 175-PK 198 (កោះកុង)កៅស៊ូ។

គូសបញ្ជាក់ថា ផ្លូវជាតិលេខ១០ នឹងក្លាយជាដង្ហើមទេសចរណ៍ និងសេដ្ឋកិច្ចមួយទៀតរបស់ខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង ពេលសាងសង់រួចរាល់។

បើតាម លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអះអាងថា ផ្លូវជាតិលេខ១០ មិនត្រឹមតែនាំមកនូវការដឹកជញ្ជូនទំនិញកសិកម្ម និងទំនិញគ្រប់ប្រភេទភ្ជាប់ពីខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ទៅកាន់ខេត្តកោះកុង ដែលមានកំពុងផែទឹកសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្លូវដែលបម្រើទៅដល់ផ្នែកទេសចរណ៍ ដោយសារនៅតាមបណ្ដោយនៃផ្លូវនេះ ពោរពេញទៅដោយធម្មជាតិតំបន់ព្រៃភ្នំជ្រោះជ្រលងដងអូរដ៏ស្រស់បំព្រង។

លោក អភិបាលខេត្ត បានបញ្ជាក់ថា អំណោយផលពីធម្មជាតិសម្រាប់ការសម្រាកលំហែ រួមជាមួយសមិទ្ធផលផ្លូវជាតិលេខ១០ បានអន្ទងដួងចិត្តអ្នកទេសចរគ្រប់ទិសទីទៅកាន់អូរសោម ហើយលែងធ្វើឱ្យអូរសោមស្ងប់ស្ងាត់ដូចមុនទៀតហើយ។ ឃុំអូរសោម ស្រុកវាលវែង ស្ថិតនៅលើខ្នងភ្នំដ៏ខ្ពស់ ដែលមានអំណោយផលខ្ពស់សម្រាប់ការទេសចរណ៍បែបធម្មជាតិ និងសម្រាប់ដំណាំផ្សេងៗ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)