Register Already an agent ? Login

រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារចំពោះកិច្ចមួយដើម្បីគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចមួយដើម្បីគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវតាមក្រវាត់ព្រំដែន។ បើតាមសេចក្ដីសម្រេចចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ចុះហត្ថលេខា ដោយ សម្ដេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា។

ក្រុមការងារនេះ មានតួនាទីនិងមានភារកិច្ច រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីអនុវត្តការកសាងផ្លូវការពារខ្សែព្រំដែន។

ការរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពកសាងផ្លូវក្រវាត់ព្រំដែននេះ ធ្វើឡើងគឺបន្ទាប់ពីរដ្ឋាភិបាលបិទបញ្ចប់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ ព្រំដែន» កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដែលទទួលបានថវិកាពីសប្បុរសជនគ្រប់ស្រទាប់វណ្ណៈជិត២៧លានដុល្លារ។

ថវិកាមូលនិធិនេះ នឹងប្រើប្រាស់សម្រាប់ការកសាងផ្លូវក្រវាត់ព្រំដែនប្រវែងសរុបប្រមាណ ២៥០គីឡូម៉ែត្រ ស្មើនឹង ១៨.៤% នៃផ្លូវខ្សែក្រវាត់ព្រំដែនដែលនៅសល់ប្រមាណ ៥១.៩០% ក្នុងនោះ ខេត្តមណ្ឌលគិរី មានប្រវែងសរុប ១៤៧,៥២គីឡូម៉ែត្រ និងខេត្តរតនគិរី ប្រវែងសរុប ១០២,៤៨គីឡូម៉ែត្រ។

គួរបញ្ជាក់ថា ក្នុងភូមិសាស្ត្រដែលត្រូវសាង់សង់ផ្លូវក្រវាត់ព្រំដែននេះ ជាតំបន់ដែលបន្សល់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះពីសម័យសង្គ្រាមរាយប៉ាយលើផ្ទៃដីជាច្រើនផងដែរ។ លើតម្រាយផ្លូវប្រមាណ ២៥០គីឡូម៉ែត្រ ក៏នឹងត្រូវបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីទំហំប្រមាណជាង ៦លានម៉ែត្រក្រឡាផងដែរ ហើយនិងសាងសង់សិល្បការ្យ ដូចជាស្ពាន និងប្រព័ន្ធលូសរុប ៥៦៦កន្លែង។

ការសាងសង់ផ្លូវក្រវាត់ព្រំដែនប្រវែង ២៥០គីឡូម៉ែត្រនេះ បានចាប់ផ្តើមការដ្ឋានជាផ្លូវការហើយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៧។ យោងតាមផែនការនិងបរិមាណថវិកាដែលទទួលបានពីមូលនិធិជិត២៧លានដុល្លារ នឹងធ្វើឱ្យល្បឿនអនុវត្តផែនការកសាងផ្លូវតាមក្រវ៉ាត់ព្រំដែនរួចរាល់មុនកាលកំណត់។

សូមបញ្ជាក់ថា ក្រុមការងារចំពោះកិច្ចដើម្បីគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែននេះ មានភារកិច្ចសិក្សា និងលើកគម្រោងផែនការកសាង ដើម្បីបម្រើឱ្យការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការកសាងផ្លូវក្រវាត់ព្រំដែន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)