Register Already an agent ? Login

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ វឌ្ឍនភាពសម្រេចបាន ៤៥% ខណៈ ផ្លូវតភ្ជាប់សម្រេចបាន ១៥% ហើយ

ក្រចេះ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលមានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ បច្ចុប្បន្នការងារសាងសង់តួស្ពានសម្រេចបាន ៤៥% ខណៈផ្លូវតភ្ជាប់និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ១៥%ហើយ។ បើតាមក្រសួងសាធារណការ និងដឹងជញ្ជូន។

ការស្ថាបនាទាំងស្ពាន និងផ្លូវកំពុងដំណើរការយ៉ាងរលូន ហើយរំពឹងថានឹងបញ្ចប់មុនផែនការដែលបានគ្រោងទុកក្នុងឆ្នាំ ២០២៦។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ (ផ្លូវជាតិលេខ៦០B) ខេត្តក្រចេះ មានប្រវែង ៤១,៦៧គីឡូម៉ែត្រ ត្រូវបានចាប់ផ្ដើមស្ដារឡើងវិញកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។

គម្រោងសាងសង់នេះ  នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ។

សូមរម្លឹកផងដែរថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ ប្រវែងស្ពាន ១៧៦១ម៉ែត្រ ត្រើយខាងកើតស្ថិតនៅឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតនៅឃុំសោប ស្រុកព្រែកប្រសព្វ ក្នុងតម្លៃ ១១៤លានដុល្លារ គ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៦ មានរយៈពេល ៤២ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) ត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះដែលកំពុងសាងសង់នេះ គឺជាស្ពានទី១១ ហើយក្រោមការជួយគាំទ្រពីរដ្ឋាភិបាលចិន ដែលគិតមកដល់បច្ចុប្បន្នមានស្ពាននៅតាមដងទន្លេមេគង្គចំនួន៤ (ស្ពានមេគង្គស្ទឹងត្រែង, ស្ពានព្រែកតាមាក់, ស្ពានស្ទឹងត្រែង-ក្រូចឆ្មារ និងស្ពានឆ្លងកាត់ទន្លេមេគង្គ)។

គម្រោង​ស្ពាន​នេះ​ គឺជា​ផ្នែក​មួយ​នៃ​ផ្លូវជាតិ​លេខ​៦០B ត​ភ្ជាប់​ពី​ខេត្តក្រចេះ​ទៅ​ខេត្តកំពង់ធំ​ដែលមាន​ភាព​ប្រទាក់​ក្រឡា​ជាមួយ​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត​សំខាន់ៗ​ដូចជា​ត្រើយ​ខាងលិច​ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ៦​ត្រង់​ផ្លូវបំបែក​កំពង់ថ្ម ខេត្តកំពង់ធំ បន្ត​ឆ្ពោះទៅកាន់​ខេត្តសៀមរាប និង​ត​ភ្ជាប់​តាមរយៈ​ផ្លូវជាតិ​លេខ​៧១A តាម​បណ្តោយ​មាត់ទន្លេ​មេគង្គ​ឆ្ពោះទៅ​ខេត្តស្ទឹងត្រែង​នៅ​ផ្នែក​ខាងលើ និង​ឆ្ពោះទៅ​ខេត្ត​កំពង់ចាម​នៅ​ផ្នែក​ខាងក្រោម​ទន្លេមេគង្គ​។

​ចំណែក​នៅ​ត្រើយ​ខាងកើត​វិញ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៧​ឆ្ពោះទៅ​ខេត្តស្ទឹងត្រែង​ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី និង​ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​៧៣ ឆ្លងកាត់​ស្រុក​ឆ្លូង ស្រុក​តំបែ ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ រួច​ត​ភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ៧ ឆ្ពោះទៅ​ខេត្ត​កំពង់​ចាម​ឬ​ខេត្តព្រៃវែង និង​បន្ត​ឆ្ពោះទៅកាន់​រាជធានី​ភ្នំពេញ​។

ក្រោយបញ្ចប់ការសាងសង់ស្ពាន និងផ្លូវតភ្ជាប់នេះ នឹងជំរុញឱ្យតំបន់នោះមានសម្ទុះកើនឡើងនូវសកម្មភាពដឹកជញ្ជូន ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍នៅតាមបណ្តាខេត្តស្ថិតនៅភូមិភាគឦសាន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)