Register Already an agent ? Login

ទំហំបរធនបាលកិច្ចកើនឡើងដល់ជាង ១៦០០លានដុល្លារ ខណៈការចុះបញ្ជីបានកើនជាង ១០០០ករណី ចុងខែកញ្ញា ឆ្នាំ២០២៤

ភ្នំពេញ៖ គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៤នេះ ​បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់ បានកើនដល់ចំនួន ១,០៣០ ករណី​ ​មានទំហំបរធនប្រមាណ ១,៦៥២លានដុល្លារ។ បើតាមការលើកឡើង លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានបន្តថា ខណៈក្រុមហ៊ុនបរធនបាលចំនួន១៣ បានទទួលអាជ្ញាបណ្ណនិងទទួលបានការអនុញ្ញាតពីនិយ័តករ។

តាមការលើកឡើង លោក សុខ ដារ៉ា ក្នុងវេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៤” ក្រោមប្រធានបទ “បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត” នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា នេះបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យបរធនបាលកិច្ច ដែលជាវិស័យថ្មីមួយនៅកម្ពុជា។

លទ្ធផលក្នុងរយៈពេលជាង៣ឆ្នាំនេះ សមិទ្ធផលជាច្រើនបានលេចជារូបរាងឡើងជាបន្តបន្ទាប់ រួមមាន បទដ្ឋានគតិយុត្តគន្លឹះសំខាន់ៗសម្រាប់និយ័តកម្មគ្រប់គ្រង ត្រួតពិនិត្យការចុះបញ្ជីបរធនបាលកិច្ច, ប្រតិបត្តិការប្រតិបត្តិករបរធនបាលកិច្ច និងការរៀបចំនិងការប្រព្រឹត្តទៅរបស់បរធនបាលកិច្ច, ធនាគារចំនួន២១ បានទទួលអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ. ជាប្រតិបត្តិករ បរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services)។ ជាការលើកឡើងបន្តទៀត លោក សុខ ដារ៉ា។

លោក បានបន្ថែមថា លើសពីនេះទៅទៀត ក្រុមហ៊ុនវាយតម្លៃចំនួន១៦ ទទួលបានការទទួលស្គាល់ពី ន.ប.ធ. ឱ្យផ្តល់សេវាវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងក្រុមហ៊ុនផ្តល់សេវាសវនកម្មចំនួន១៥ ទទួលបានការទទួលស្គាល់ពី ន.ប.ធ. ឱ្យផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច។ មានបរធនបាលរូបវន្តបុគ្គលចំនួន ៦៨រូប បានទទួលអាជ្ញាបណ្ណពី ន.ប.ធ. ដោយ ៣៥រូប ជាបរធនបាលរូបវន្តបុគ្គលឯករាជ្យ និង ៣៣រូប បរធនបាលរូបវន្តបុគ្គលនៃក្រុមហ៊ុនបរធនបាល។

ការចូលរួមយ៉ាងសកម្មពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមទាំងវិស័យឯកជននាពេលកន្លងមកនេះ បានធ្វើឱ្យវិស័យបរធនបាលកិច្ចមានយន្តការផ្នែកច្បាប់ ប្រតិបត្តិការ ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រាន់ ដែលអាចបន្តដំណើរការក្នុងការអភិវឌ្ឍវិស័យបរធនបាលកិច្ច។ ជាការគូសបញ្ជាក់ លោក សុខ ដារ៉ា បន្ថែមពីនេះ វិស័យនេះក៏មានបទដ្ឋានគតិយុត្តសំខាន់ៗសម្រាប់គ្រប់គ្រង និងដំណើរការ ក្នុងការបង្កើត ចុះបញ្ជីបរធនបាលកិច្ច និងប្រតិបត្តិការរបស់តួអង្គពាក់ព័ន្ធដែលផ្ដល់សេវាក្នុងវិស័យបរធនបាលកិច្ចផងដែរ។

សូមបញ្ជាក់ផងដែរថា បរធនបាលកិច្ច គឺសំដៅដល់កិច្ចការគ្រប់គ្រង និងចាត់ចែងបរធនដែលផ្ដល់ដោយបរធនបាលទាយក (បុគ្គលដែលផ្ដល់ទ្រព្យសម្បត្តិ ឬមូលនិធិដំបូងទៅក្នុងបរធនបាលកិច្ច) សម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ (បុគ្គលដែលទទួលផលប្រយោជន៍ ពីបរធនបាលកិច្ច) ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)