ភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» មានកម្ពស់ ២ជាន់កំពុងសាងសង់យ៉ាងសស្រាក់សស្រាំ គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ៤ខែផងដែរ ពោលគឺជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។ បើតាម លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។
ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។
ស្ពានអាកាសថ្មីនេះត្រូវបានសាងសង់ជា ២ជាន់ ដោយជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពល ខេមរភូមិន្ទ ជាន់ទី២ ជាផ្លូវទ្វេទិសមានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។
សូមរម្លឹកថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រី សម្រេចឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដោះស្រាយការកកស្ទះចរាចរបានមួយកម្រិត។
ស្ពានកាស មរតកតេជោនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ស្ពានអាកាសថ្មីនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលចំណេញថវិកាប្រមាណ ៣៦លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)