Register Already an agent ? Login

បរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញចំនួនជាង ៣,៥លានតោន ៩ខែឆ្នាំ២០២៤

ភ្នំពេញ៖ រយៈពេល៩ខែឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ មាន​បរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់ជាង ៣,៥លានតោន កើនជិត ១៤%។ ​តាម​សេចក្តី​ប្រកាស​របស់កំពង់ផែ​ស្វយ័ត​ភ្នំពេញ។

បរិមាណកុងតឺន័រឆ្លងកាត់មាន ៣៦៥ ៩៨៧ធីអ៊ីយូ កើនជិត ២០% ,បរិមាណនាវាសរុបមានជាង ៤ពាន់ កើនជាង ២៥%, បរិមាណនាវាដឹកអ្នកដំណើរឆ្លងកាត់មានចំនួន៤៤៥ កើនជាង ២៦% និងចំនួនអ្នកដំណើរឆ្លងកាត់មាន ២៣ ៦៦៧ កើនប្រមាណ ៦៦%។ បើតាម​សេចក្តី​ប្រកាស​ខាងលើ។

ដោយឡែក ខែកញ្ញា កំពង់ផែស្វយ័តភ្នំពេញ មានបរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់ ៤២ ៤ ៤៤៧តោន ធៀបនឹងខែកញ្ញាឆ្នាំ២០២៣ ដែលមានចំនួន ៣៣៧ ៦០០តោន កើនជាង ២៥% និងបរិមាណកុងតឺន័រ​ឆ្លងកាត់មាន ៥២ ២៨៣ ធីអ៊ីយូ កើនជាង ៤៥% ,បរិមាណនាវាសរុបមានចំនួន ៤៥៣គ្រឿង កើនជាង ១៣៤% និងចំនួនអ្នកដំណើរឆ្លងកាត់មាន ២ ៤៣៥នាក់ កើនប្រមាណ ១១%។

រយៈពេល ៩ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិរបស់កម្ពុជា មាន​ទឹក​ប្រាក់​ស​រុ​ប ៤០,៩៤​ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៤​% ​បើ​ធៀប​នឹងគ្រា​ដូចគ្នា​ឆ្នាំ​២០២៣ ដែលមានចំនួន ៣៥,១៦ពាន់​លាន​ដុល្លារ។ តាម​ទិន្ន​​ន័យ​របស់អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

ក្នុងនោះ កម្ពុជាសម្រេចបាន​ទឹក​ប្រាក់​ជាង ១៩,៨៣ពាន់លានដុល្លារ ពីការ​នាំទំនិញចេញទៅក្រៅប្រទេស ​កើន ១៧% បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២៣ មានទំហំ​ទឹកប្រាក់ ១៦,៩៤ពាន់​លានដុល្លារ ចំណែក ការនាំទំនិញចូលមក​វិញមានទំហំទឹកប្រាក់ ២១,១០ពាន់លានដុល្លារ កើនឡើង ១៥,៩%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)