ភ្នំពេញ៖ លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចយកខ្សែផ្លូវ១ ក្នុងចំណោមជម្រើស ២ខ្សែផ្លូវ ដែលក្រុមហ៊ុនបានសិក្សាដោយផ្អែកលើទិដ្ឋភាពបច្ចេកទេស សេដ្ឋកិច្ច និងនយោបាយ នៃគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)។
លោក សួង ហេង បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើគម្រោងសិក្សាផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុនShanghai Construction Group Co., Ltd ក្រុមការងារជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។
បើតាមកិច្ចប្រជុំនេះ បានធ្វើឡើង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ដើម្បីពិនិត្យកំណត់ខ្សែអ័ក្ស និងគំនូសប្លង់បច្ចេកទេសនៃគម្រោងផ្លូវតភ្ជាប់ពីគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ផ្នែកខាងកើត ទៅផ្លូវជាតិលេខ១ ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើយ៉ាងណាឱ្យខ្សែផ្លូវថ្មីនេះមានផលប៉ះពាល់តិច ស្របតាមលក្ខណៈបច្ចេកទេស និងមានផលចំណេញខ្ពស់។
អង្គប្រជុំបានឯកភាពគ្នាលើជម្រើសខ្សែផ្លូវ១ ក្នុងចំណោមជម្រើស២ខ្សែផ្លូវ ដែលក្រុមហ៊ុនបានសិក្សា ដោយផ្អែកលើទិដ្ឋភាពបច្ចេកទេស សេដ្ឋកិច្ច និងនយោបាយ។
នៅក្នុងកិច្ចប្រជុំ រដ្ឋលេខាធិការ បានណែនាំដល់ភាគីពាក់ព័ន្ធធ្វើការផ្តល់ព័ត៌មានបន្ថែមទៀត ដើម្បីក្រុមហ៊ុនមានមូលដ្ឋានបញ្ចប់របាយការណ៍តាមការណែនាំរបស់អង្គប្រជុំ និងដាក់លទ្ធផលរបាយការណ៍នៃការសិក្សាជូនថ្នាក់ដឹកនាំពិនិត្យសម្រេចឱ្យបានឆាប់។
គូសបញ្ជាក់ថា គម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ទៅផ្លូវជាតិលេខ១នេះ បានសិក្សាលើផ្លូវចំនួន ២ខ្សែជាជម្រើស ក្នុងនោះជម្រើសផ្លូវទី១ មានប្រវែង ១,៥៩៥គ.ម និងជម្រើសផ្លូវទី២ មានប្រវែង ១,៤៩០គ.ម ខ្សែផ្លូវទាំងពីរនេះ តភ្ជាប់ពីស្ពាននៅក្នុងភូមិសាស្រ្តសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ទៅកាន់ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៤នេះសម្រេចវឌ្ឈនភាពការងារបាន ១៤, ៥០% ហើយ។
ស្ពានឆ្លងទន្លេបាសាក់-ចាក់អង្រែក្រោម មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ)សាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ,ទីប្រឹក្សាគម្រោង ដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។
គម្រោងស្ថាបនាស្ពាននេះ មានតម្លៃប្រមាណ ៦០លានដុល្លារ និងប្រើរយៈពេលសាងសង់ ៤២ខែ ដោយប្រើឥណទានសម្បទានពីប្រទេសចិន និងត្រូវស្ថាបនាមួយខ្សែ(ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ)ទទឺង ២៧ម៉ែត្រ, ៤គន្លងរថយន្ត ,២កន្លងម៉ូតូ និង ២គន្លងថ្មើរជើង។
នៅពេលសាងសង់រួច ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)