កោះកុង៖ រោងចក្រអគ្គិសនីដើរដោយឧស្ម័ន LNG 900មេហ្កាវ៉ាត់ មានតម្លៃ ១,៣៤១ដុល្លារ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅស្រុកបុទុមសាគរ ខេត្តកោះកុង និងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៧។
ពិធីបើកការដ្ឋានរោងចក្រថាមពលខាងលើនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានថ្លែងថា រោងចក្រថាមពលអគ្គិសនី ដើរដោយចំហះឧស្ម័នធម្មជាតិ គឺជាគម្រោងដំបូងគេបង្អស់នៅកម្ពុជា ក្រោមការវិនិយោគរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
គម្រោងវិនិយោគតម្លៃ ១,៣៤១ដុល្លារនេះ នឹងផ្តល់នូវសន្តិសុខថាមពលសម្រាប់ប្រទេសជាតិដោយបង្កើតការងាររាប់រយកន្លែងដល់ប្រជាពលរដ្ឋ។ ជាការថ្លែងបន្ត លោក គិត ម៉េង បានគូសបញ្ជាក់ថា ជាពិសេស គម្រោងនេះនឹងក្លាយជាចំណែកមួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ។
រោងចក្រនេះ នឹងត្រូវបានបំពាក់ដោយទូរប៊ីនកម្លាំង ៤៥០មេហ្គាវ៉ាត់ ចំនួន២ ដំណើរការនៃការសាងសង់រោងចក្រថាមពលនេះ ត្រូវធ្វើឡើងជាលំដាប់ដោយទូរប៊ីនទី១ នឹងផលិតថាមពលបានចាប់ពីខែមេសា ឆ្នាំ២០២៧ បន្ទាប់មក ទូរប៊ីនទី២ នឹងចាប់ផ្តើមផលិតថាមពល ពីខែធ្នូ ឆ្នាំ ២០២៧តទៅ។ ជាការថ្លែងបន្តទៀត លោក គិត ម៉េង។
លោក គិត ម៉េង បានថ្លែងបន្ថែមថា បន្ថែមពីលើរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ គម្រោងមួយនេះនឹងរួមបញ្ចូលនូវចំណតកំពង់ផែសម្រាប់ផ្ទុកឧស្ម័នធម្មជាតិ (LNG) ចេញពីកប៉ាល់ដែលមានលទ្ធភាពផ្ទុក ១៨៥.០០០ម៉ែត្រគូប ធុងផ្ទុក LNG ដែលមានលទ្ធភាពផ្ទុក ២០ម៉ឺនម៉ែត្រគូប និងខ្សែបញ្ជូន ៣៦គីឡូម៉ែត្រ ២៣០kV។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប បានបង្កើតគម្រោងវិនិយោគលើវិស័យថាមពលដើរដោយឧស្ម័នធម្មជាតិដំបូងគេ និងធំជាងគេនៅកម្ពុជា នេះជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ជាលើកទីពីរ បន្ទាប់ពីជោគជ័យលើគម្រោងវិនិយោគជាប្រវត្តិសាស្ត្រលើកទី១ គឺវារីអគ្គិសនីសេសានក្រោម២ កម្លាំង ៤០០មេហ្គាវ៉ាត់ ដែលជាប្រភពថាមពលស្អាតធំជាងគេបំផុតនៅកម្ពុជា នាពេលបច្ចុប្បន្ន។
លោក រដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ការជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនីឱ្យបានត្រឹមត្រូវ រីកចម្រើនឆាប់រហ័ស ដើម្បីឈានទៅសម្រេចបាន ការផ្គត់ផ្គង់ថាមពលមួយគ្រប់គ្រាន់ប្រកបដោយ ចីរភាព ស្ថិរភាព គុណភាព និងមានថ្លៃកាន់តែសមរម្យ នៅគ្រប់ទីកន្លែងទូទាំងប្រទេស គឺជាគន្លឹះដ៏សំខាន់ក្នុងការជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេស និងជួយបង្កើនសុខដុមនីយភាពនៃការរស់នៅរបស់ពលរដ្ឋ។
ការអភិវឌ្ឍវិស័យអគ្គិសនី មិនត្រឹមតែជាផលិតផលមួយចាំបាច់សម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ជា ផលិតផលមួយដែលចាំបាច់ សម្រាប់ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀតក្នុងផ្នែកសេដ្ឋកិច្ច ផងដែរ។ តាមការគូសបញ្ជាក់ លោក កែវ រតនៈ។
គួរបញ្ជាក់ថា ក្រុមហ៊ុនRoyal Group ទទួលបានការអនុញ្ញាតវិនិយោគលើគម្រោងថាមពលដើរដោយដុតធ្យូងថ្ម អនុភាព ៧០០មេហ្គាវ៉ាត់ មានទីតាំងស្ថិតនៅស្រុកបទុមសាគរ ខេត្តកោះកុង។ ប៉ុន្តែក្រុមហ៊ុន បានបញ្ឈប់គម្រោងខាងលើ ដោយផ្លាស់ប្តូមកវិនិយោគលើគម្រោងថាមពលដើរដោយឧស្ម័នធម្មជាតិជំនួសវិញ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)