Register Already an agent ? Login

គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខេត្តកំពង់ចាម ៥ខ្សែ ប្រវែងជាង៥០គ.ម ប្រមាណ៧០,៧៦%

កំពង់ចាម៖ គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក (WB) ចំនួន ៥ខ្សែ មានប្រវែងសរុប ៥០,៧គីឡូម៉ែត្រ នៅខេត្តកំពង់ចាម សម្រេចបានលទ្ធផលប្រមាណ៧០,៧៦%។

លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាង រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងជាប្រធានគ្រប់គ្រងគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) បានដឹកនាំមន្ត្រីបច្ចេកទេសគម្រោង និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោងចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងខាងលើ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។

ផ្លូវទាំង៥ខ្សែ មានប្រវែងសរុប ៥០,៧គីឡូម៉ែត្រ នៅខេត្តកំពង់ចាមរួមមាន៖

ខ្សែផ្លូវទី១. KC-1 (ផ្លូវជាតិលេខ៧-សៀមប៊ួយ) ប្រវែង ៦,០គ.ម ស្ថិតនៅឃុំព្រៃចារ ស្រុកជើងព្រៃ ជាលទ្ធផលគិតត្រឹមបច្ចុប្បន្នសម្រេចបានប្រមាណ ៧៧,៥២%

ខ្សែផ្លូវទី២. KC-2 (ផ្លូវជាតិលេខ៧-សាអាង-ផ្លូវជាតិលេខ៦) ប្រវែង ១៦,៤គ.ម ស្ថិតនៅក្នុងឃុំត្រពាំងគរ ស្រុកព្រៃឈរ ជាលទ្ធផលគិតត្រឹមបច្ចុប្បន្នសម្រេចបានប្រមាណ ៦០,៨៧%

ខ្សែផ្លូវទី៣. KC-3 (ផ្លូវជាតិលេខ៧-ក្លោងទ្វារវត្តជម្ពូសោភា-បឋមសិក្សាក្រូច ផ្លូវជាតិលេខ៦០) ប្រវែង ១៧,១គ.ម ស្ថិតនៅក្នុងឃុំក្រូច ឃុំគរ ឃុំព្រៃឈរ ឃុំសូរសែន្យ និងឃុំស្រង៉ែ ស្រុកព្រៃឈរ ជាលទ្ធផលគិតត្រឹមបច្ចុប្បន្នសម្រេចបានប្រមាណ ៤១,៨៧%

ខ្សែផ្លូវទី៤. KC-24 (ផ្លូវជាតិលេខ៦-វត្តកំណប់) ប្រវែង ៥,៦គ.ម ស្ថិតនៅឃុំស្តើងជ័យ ឃុំត្រពាំងគរ និងឃុំស្រម៉ ស្រុកជើងព្រៃ ជាលទ្ធផលគិតត្រឹមបច្ចុប្បន្នសម្រេចបានប្រមាណ ៨០,៧៥%

ខ្សែផ្លូវទី៥. KC-57 (សំពងជ័យ-ទឹកឆារ) ប្រវែង ៨,៥គ.ម ស្ថិតនៅឃុំសំពងជ័យ ស្រុកជើងព្រៃ និងឃុំបឹងណាយស្រុកព្រៃឈរ ជាលទ្ធផលគិតត្រឹមបច្ចុប្បន្នសម្រេចបានប្រមាណ ៩២,៨១%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)