ភ្នំពេញ៖ កម្ពុជា ទទួលបានហិរញ្ញប្បទាន ៨០លានដុល្លារ ពីធនាគារពិភពលោកដែលបានអនុម័ត កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមការសេចក្ដីប្រកាសព័ត៌មាន ធនាគារពិភពលោក បានបញ្ជាក់ថា ការផ្ដល់នេះសម្រាប់ជួយដល់កិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា។
មូលនិធិសម្រាប់គម្រោងនេះ បានមកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាអង្គភាពផ្តល់ប្រាក់កម្ចីសម្បទាន របស់ធនាគារពិភពលោក សម្រាប់បណ្តាប្រទេសមានចំណូលទាប។ ជាការបន្តឱ្យដឹងពី WB បានបន្តទៀតថា ការលើកកម្ពស់គុណភាពនៃការអប់រំ ជាពិសេសផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា ឬ (STEM)។
បើតាម WB ការរំពឹងទុកនិស្សិតប្រមាណ ៣២,០០០នាក់ ក្នុងនោះ និស្សិតនារីប្រមាណ ១៣,០០០នាក់ នឹងទទួលអត្ថប្រយោជន៍ពីការអនុវត្តសកម្មភាពនានារបស់កម្មវិធី រួមមាន បច្ចុប្បន្នភាពកម្មវិធីសិក្សា, ការបណ្តុះបណ្តាលគ្រូឧទ្ទេស, និងការធ្វើឌីជីថលកម្មនៃយន្តការផ្តល់ការសិក្សាអប់រំ។
គម្រោងនេះ មានរយៈពេល៦ឆ្នាំ ពោលនឹងគាំទ្រដល់កិច្ចប្រឹងប្រែងរបស់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន៩ ក្នុងការបណ្តុះបណ្តាលនិស្សិតឱ្យរៀនចប់ប្រកបដោយសមត្ថភាព និងក្នុងការផលិតការស្រាវជ្រាវនានា សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។
គម្រោងនេះ ជាកិច្ចបន្តពីវឌ្ឍនភាពយ៉ាងច្រើន ដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបានកន្លងមក ក្នុងការកសាងសមត្ថភាពរបស់ប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារការងារ នៅក្នុងបរិបទបច្ចុប្បន្ន ដែលមានការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស។
គម្រោងនេះ ផ្តោតសំខាន់លើការលើកកម្ពស់គុណភាព នៃការរៀនសូត្រសម្រាប់និស្សិតនារី និងនិស្សិតមានពិការភាព និងលើការជួយគាំទ្រដល់ស្រី្តដែលជាគ្រូ ឬជាបុគ្គលិកនៅតាមមហាវិទ្យាល័យ។ គម្រោងនេះ ចាប់យកស្តង់ដារហេដ្ឋារចនាសម្ព័ន្ធ ដែលធន់នឹងអាកាសធាតុ និងផ្តល់អាទិភាពដល់គម្រោងស្រាវជ្រាវ ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
ទោះបីជាលទ្ធភាពទទួលបាន ការអប់រំឧត្តមបានកើនឡើងជាបណ្តើរៗក៏ដោយ ការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងភាពពាក់ព័ន្ធនៃការអប់រំ និងការស្រាវជ្រាវ គឺជាកត្តាចាំបាច់ សម្រាប់ការកសាងសមត្ថភាពរបស់ប្រទេសកម្ពុជា ដើម្បីឆ្លើយតបនូវតម្រូវការដែលកំពុងរីកចម្រើននៃទីផ្សារការងារ នៅក្នុងបរិយាកាសផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
គូសបញ្ជាក់ផងដែរថា គម្រោងនេះ នឹងកសាងបន្ថែមលើភាពជោគជ័យ និងមេរៀនបទពិសោធន៍របស់គម្រោងដែលកំពុងដំណើរការ ដែលបានបង្កើនឱកាសសិក្សាសម្រាប់និស្សិតឧត្តមសិក្សាជាង ១២៨,០០០នាក់ នៅកម្ពុជាដែលក្នុងចំណោមនោះជាងពាក់កណ្តាលជានារី តាមរយៈការបង្កើតកម្មវិធីសិក្សាចំនួន៦៧, ផ្តល់មូលនិធិទ្រទ្រង់គម្រោងស្រាវជ្រាវចំនួន ៥៣ និងការបង្កើត ឬជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧៕
ដោយ៖ មឿន ឌីណា (Moeun Dyna)