Register Already an agent ? Login

រាជរដ្ឋាភិបាល បានទម្លាក់ថវិកា១៤០០លានដុល្លារ ជួយពលរដ្ឋក្រីក្រងាយរងគ្រោះនិងរងសម្ពាធកូវីដ ២លាន៨សែន នាក់

ភ្នំពេញ៖ ក្នុងបរិបទនៃសេដ្ឋកិច្ចមិនទាន់នឹងនរ រាជរដ្ឋាភិបាលបានជួយដល់ប្រជាពលរដ្ឋតាមរូបភាព២​ គឺការឧបត្ថម្ភជាសាច់ប្រាក់ និងការលើកលែង ឬបន្ធូរបន្ថយពន្ធអាករ។ ជាការថ្លែង សម្តេចធិបតី បានបញ្ជាក់ថា ទី១ វិស័យសង្គមកិច្ច ឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ និងប្រជាពលរដ្ឋរងសម្ពាធដោយវិបត្តិជំងឺកូវីដ-១៩ សរុបចំនួនប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនិង ២លាន៨សែននាក់ ដោយចំណាយអស់ថវិកាជាង ១.៤០០លានដុល្លារ។

តាមការថ្លែងបញ្ជាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ក្រោមពាក្យស្លោក “ការប្រែក្លាយច្រវាក់ផ្គត់ផ្គង់ស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព” កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ២០២៤។

ពិធីខាងលើ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងបន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលមានប្រជាពលរដ្ឋជាង ៥៦ម៉ឺនគ្រួសារ ក្រៅពីនោះក៍មានកម្មវិធីឧបត្ថមផ្សេងៗ ដូចជាការឧបត្ថមសា់ប្រាក់ដល់ស្រី្តមានផ្ទៃពោះ និងកុមារមានអាយុក្រោមពីរឆ្នាំ។

រូបភាពទី២ គឺរាជរដ្ឋាភិបាលបាន ផ្តល់ការអនុគ្រោះដល់វិស័យឯកជន ដូចជាការមិនយកពន្ធ ឬបន្ថយពន្ធ ដោយក្នុងនោះមាន ការលើកលែងពន្ធប្រចាំឆ្នាំលើដីកសិកម្ម, ការលើកលែងពន្ធលើដីសម្បទានសេដ្ឋកិច្ចដែលពាក់ព័ន្ធកសិកម្ម, សហគ្រាសកសិកម្មដែលអាចសុំការអនុគ្រោះតាមគម្រោងមានលក្ខណៈគ្រប់គ្រាន់អនុគ្រោះពន្ធអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋលើការនាំចូល។ ជាការថ្លែងបន្តទៀត ប្រមុខរាជរដ្ឋាភិបាល។

ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបន្ថែមថា ការផ្គត់ផ្គង់លើទំនិញមួយចំនួនដូចជា៖ ជី ពូជដំណាំ ចំណីសត្វផ្សេងៗ ការលើកលែងអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃ ជាដើម។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអះអាងថា រាជរដ្ឋាភិបាលនៅតែបន្តគោលនយោបាយអនុគ្រោះនានា ដើម្បីគាំទ្រដល់វិស័យកសិកម្មរបស់កម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)