ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣៩១គម្រោង មានទឹកប្រាក់ប្រមាណ ៧,៦ពាន់លានដុល្លារ។ បើតាមការថ្លែង សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែសីហា ឆ្នាំ២០២៤នេះ។
បើតាម សេចក្តីថ្លែងការណ៍ពិសេស របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្តីពី “សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានបន្តថា ក្នុងនោះ វិនិយោគិនមកពីបរទេសដូចជា អាមរិក ចិន ជប៉ុន កាណាដា កូរ៉េខាងត្បូង ស៊ុយអ៊ែត សហភាពអ៊ឺរ៉ុប អូស្រ្ដាលី និងប្រទេសជាច្រើនទៀត រួមនឹងប្រទេសក្នុងតំបន់អាស៊ានផងដែរ។
រាជរដ្ឋាភិបាល បាននិងកំពុងបន្តអនុវត្តការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ជូនដល់យុវជន យុវនារី មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន ១,៥លាននាក់ ដែលធ្វើឱ្យយុវជនកម្ពុជាមានជំនាញការងារច្បាស់លាស់ ដែលងាយស្រួលក្នុងការរកការងារធ្វើ។ ជាការបន្ត ប្រមុខរាជរដ្ឋាភិបាល។
ប្រមុខរាជរដ្ឋាភិបាល បានបន្តទៀតថា បានពង្រាយមន្ត្រីកសិកម្ម ២៥០នាក់ ដោយបានដាក់ពង្រាយទៅដល់ ២៥០ឃុំ ទូទាំងប្រទេស ដែលបានជួយបណ្តុះបណ្តាលបន្តដល់ប្រជាពលរដ្ឋជាង ២២ម៉ឺនគ្រួសារ ហើយបានជំរុញឱ្យមានការប្រឡងជ្រើសរើសមន្ត្រីកសិកម្ម ចំនួន ១ ០០០នាក់បន្ថែមទៀត។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា បានដាក់ចេញនូវវិធានការអន្តរាគមន៍នានា ដើម្បីលើកទឹកចិត្តផ្នែកពន្ធដារ ដល់អាជីវករ ដូចជាលុបការបង់ភាស៊ី សម្រាប់ប្រជាពលរដ្ឋដែលលក់ដូរតាមកញ្រ្ជែង ល្អី កញ្ជើ។ល។ ហើយប្រជាពលរដ្ឋក៏អាចអាស្រ័យផល តាមរយៈការលក់ដូរ ឬផ្ទេរតូបនៅតាមផ្សាររដ្ឋ។
នាឱកាសនោះ សម្តេចធិបតី បានគូសបញ្ជាក់ថា “បងប្អូនអាជីវករ ដែលមានចំណូលដុលក្រោម ២៥០លានរៀល ពុំចាំបាច់ចុះបណ្ណប៉ាតង់ និងប្រកាសពន្ធអ្វីនោះទេ គឺមិនមានបង់ពន្ធអ្វីទាំងអស់។ រដ្ឋាភិបាល អាណត្តិទី៧នេះ បានសម្រេចមិនយកពន្ធលើដីធ្លីមិនប្រើប្រាស់ សម្រាប់ដីធ្លីដែលមានទំហំ ៥ហិកតាចុះក្រោម”៕
ដោយ៖ មឿន ឌីណា (Moeun Dyna)