ស្វាយរៀង-ខេត្តព្រៃវែង៖ មន្រ្តីជាន់ខ្ពស់ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាប្រចាំ ចំនួន៦ខ្សែ ដោយក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងសរុប ៦២ ៥១០ម៉ែត្រ ស្ថិតនៅខេត្តស្វាយរៀង និងខេត្តព្រៃវែង អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ។
ការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់ដំណាក់កាលទី១ លោក នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ រួមជាមួយលោក ហួត សារឹម អនុរដ្ឋលេខាធិការ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់ដំណាក់កាលទី១ តាមការស្នើសុំរបស់អ្នកទទួលការ។
ផ្លូវលំជនបទ ទាំង ៦ខ្សែរួមមាន ៖
-ខ្សែទី១ ផ្សារក្រោលគោ-ស្វាយធំ ស្ថិតនៅក្នុងជុំក្រោលគោ ឃុំឈើទាល និងឃុំស្វាយធំ ស្រុកស្វាយជ្រំ ប្រវែង ១៥ ៨០០ម៉ែត្រ
-ខ្សែទី២ ព្រៃគគីរ-សំរោង ស្ថិតនៅក្នុងឃុំព្រៃគគីរ និងឃុំច្រេស ស្រុកចន្ទ្រា ប្រវែង ១៥ ២០០ម៉ែត្រ
-ខ្សែទី៣ ភូមិខ្សោកជើង-ភូមិស្វាយអន្ទរ ស្ថិតនៅក្នុងឃុំពពឹស និងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ប្រវែង ៧ ៣០០ម៉ែត្រ
-ខ្សែទី៤ សាលាឃុំក្របៅ-តាអី ស្ថិតនៅក្នុងឃុំក្របៅ ស្រុកចំចាយមារ ប្រវែង ៧ ៥០០ម៉ែត្រ
-ខ្សែទី៥ ភូមិពោធិ៍រៀង-ភូមិជ្រៃ ស្ថិតនៅក្នុងឃុំជីផុច និងឃុំជ្រៃ ស្រុកមេសាង និងស្រុកស្វាយអន្ទរ ប្រវែង ៨ ០០០ម៉ែត្រ
-ខ្សែទី៦ ភូមិក្រាំងលាវ-ភូមិកាធំ ស្ថិតនៅក្នុងឃុំចាម ស្រុកកំពង់ត្របែក ប្រវែង ៨ ៧១០ម៉ែត្រ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)