កណ្ដាល៖ លោកស្រី លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញជាអធិបតី ក្នុងពិធីបើក-បិទការដ្ឋាន និងដាក់ឱ្យប្រើប្រាស់សមិទ្ធផលប្រព័ន្ធផ្គត់ផ្គង់ទឹកជនបទ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល។ យោងលើទិន្នន័យបានឱ្យដឹងថា គ្រួសារមានទឹកស្អាតប្រើប្រាស់ស្មើនឹង ៩០%។
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានរៀបចំពិធីខាងលើ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដោយមានចូលរួមពី លោក ចុង ផែត អនុរដ្ឋលេខាធិការ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល អភិបាលស្រុកស្អាង លោក លោកស្រី មន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងឃុំក្រាំងយ៉ូវ ជាច្រើនរូបផងដែរ។
ក្នុងពិធី លោកស្រី លីម មុយឡេង បានមានប្រសាសន៍ថា ទឹកគឺជាជីវិត មនុស្ស សត្វ និងរុក្ខជាតិ សុទ្ធតែត្រូវការទឹក ប្រសិនបើគ្មានទឹក នោះមិនមានជីវិតនៅលើភពផែនដីនេះឡើយ ហើយប្រព័ន្ធផ្គត់ផ្គង់ទឹកជនបទ ដែលបានធ្វើពិធីបើក-បិទការដ្ឋាន និងដាក់ឱ្យប្រើប្រាស់នៅពេលនេះ បានបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការស្វែងរកប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់ ចំណេញពេលវេលា និងថវិកា។
ដ្បិតថា ទឹកជាប្រភពនៃជីវិត ប៉ុន្តែប្រសិនយើងទុកដាក់ ប្រើប្រាស់គ្មានអនាម័យអាចបណ្តាលឱ្យយើងកើតជំងឺឆ្លងដោយសារការប្រើប្រាស់ទឹកមិនស្អាត ភាគច្រើននៃជំងឺទាំងនោះកើតចំពោះកុមារមានអាយុក្រោម ៥ឆ្នាំ ដែលជំងឺឆ្លងតាមទឹកភាគច្រើនបណ្តាលមកពីមេរោគ បាក់តេរី វីរុស បណ្តាលឱ្យកើតជំងឺរាគរូស អាសន្នរោគ គ្រុនពោះវៀនជាដើម។ ជាការបន្ត លោកស្រី លីម មុយឡេង។
លោកស្រី លីម មុយឡេង បានបន្តទៀតថា ការប្រើប្រាស់ទឹកមិនស្អាតបណ្តាលឱ្យមានផលប៉ះពាល់ដល់សុខភាព ជាពិសេសក្មេងៗ មានអាយុក្រោម៥ឆ្នាំ បណ្តាលឱ្យពួកគេមានសភាពខ្វះអាហារូបត្ថម្ភ (ក្មេងៗខ្វះអាហារូបត្ថម្ភ និងមិនមានការលូតលាស់ផ្នែករាងកាយល្អឡើយ ហើយនឹងនាំឱ្យការរៀនសូត្រខ្សោយ)។
នាឱកាសនោះ លោកស្រី រដ្ឋលេខាធិការ បានសំណូមពរដល់ ប្រជាពលរដ្ឋនិងអាជ្ញាធរគ្រប់ថ្នាក់ទាំងអស់ ចូលរួមថែរក្សាសមិទ្ធផល ដែលទទួលបានថ្មីនេះ ត្រូវការពារប្រភពទឹក (ទឹកអណ្តូង ទឹកស្រះ) ដោយការសំអាតបរិស្ថានជុំវិញប្រភពទឹក កុំឱ្យមានភក់ជ្រាំ មិនត្រូវចោលសំរាម ឬកាកសំណល់ផ្សេងៗ នៅជុំវិញប្រភពទឹកជាដើម។
ត្រូវសាងសង់បង្គន់ឱ្យនៅឆ្ងាយពីប្រភពទឹកយ៉ាងហោចពី ២០ ទៅ ៣០ម៉ែត្រ ការយកនិងដឹកទឹកមានអនាម័យស្អាត ការទុកដាក់ទឹកឱ្យបានត្រឹមត្រូវមានអនាម័យស្អាតល្អ ទឹកផឹកមានសុវត្ថិភាព(ដាំពុះ ឬចោះ) ធ្វើអនាម័យបរិស្ថានភូមិ-ឃុំឱ្យបានស្អាត ធ្វើរបងការពារសត្វពាហនៈនៅជុំវិញប្រភពទឹក ធ្វើកំណល់ពាង និងគម្របពាង ឬធុងដែលទុកដាក់ទឹកប្រើប្រាស់ និងសំអាតផ្នែកខាងក្នុងនៃការ ស្តុកទឹកឱ្យបានញឹកញាប់។ ជាការបន្ថែម លោកស្រី រដ្ឋលេខាធិការ។
លោក នុត ពុធដារ៉ា បានលើកឡើងអំពីជោគជ័យរបស់ខេត្តកណ្តាល ក្នុងវិស័យទឹកស្អាត និងអនាម័យ ដែលមានអត្រាកំណើនល្អពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងឆ្នាំ២០២២ បានប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ហើយនៅក្នុងឆ្នាំ២០២៤នេះ ខេត្តបានសម្រេចជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ ODF+ បន្ថែមទៀត ដោយរង់ចាំតែការចុះផ្ទៀងផ្ទាត់របស់ក្រុមការងារថ្នាក់ជាតិប៉ុណ្ណោះ។
លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានឱ្យដឹងថា យោងលើទិន្នន័យទទួលបានឱ្យឃើញថា គ្រួសារមានទឹកស្អាតប្រើប្រាស់ស្មើនឹង ៩០% ក្នុងនោះមាន គ្រួសារប្រើប្រាស់ទឹកបំពង់បណ្តាញក្នុងលំនៅឋាន ស្មើ ៦៤%, គ្រួសារប្រើប្រាស់ទឹកអណ្តូង (អណ្តូងស្នប់ អណ្តូងលូ) ស្មើ ១៧.៥% គ្រួសារប្រើប្រាស់ទឹកដប ស្មើ ៨.៥%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)