Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ មានទឹកប្រាក់សរុបជាង ៣១ពាន់លានដុល្លារ កើន១៥% ៧ខែឆ្នាំ២០២៤

ភ្នំពេញ៖ រយៈពេល ៧ខែ ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ គិតជាទឹកប្រាក់សរុបមានចំនួនជាង ៣១​ពាន់​លាន​ដុល្លារ កើន ១៥% បើធៀបគ្រាដូចគ្នាឆ្នំា២០២៣។ បើតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា កម្ពុជានាំចេញទំនិញក្នុងទំហំ​ទឹកប្រាក់ជាង ១៤ពាន់លានដុល្លារ ខណៈ ការនាំចូលពីបរទេសមានចំនួនជាង ១៦ពាន់​លាន​ដុល្លារ ក្នុងនោះ ការធ្វើការធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗ របស់កម្ពុជា​មាន​ចំនួន២០ និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត​។

ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកជាង ១៤ពាន់លានដុល្លារ កើនជាង ១៤% បើធៀបរយៈ​ពេល​ដូច​គ្នា​ឆ្នំា២០២៣។ បើតាមរបាយការណ៍ខាងលើ។

ក្នុងនោះ កម្ពុជាបាននាំទៅកាន់ប្រទេសសំខាន់ៗរួមមាន៖ អាមេរិកជាង ៥ ៥០០លានដុល្លារ, វៀតណាម ជាង ២ ២០០ លានដុល្លារ, ប្រទេសចិនជិត ១ ០០០លានដុល្លារ, ថៃជិត ៥០០លានដុល្លារ, ជប៉ុនជាង ៧៦៤លានដុល្លារ, អាល្លឺម៉ង់ ជាង ៥១៦លានដុល្លារ, អេស្ប៉ាញ ៥៦០លានដុល្លារ, កាណាដា ៦០៥លានដុល្លារ, អង់គ្លេស ៥៣០លានដុល្លារ, ហូឡង់ ៤២៧លានដុល្លារ, បានរាំង ២២៩លានដុល្លារ, កូរ៉េខាងត្បូង ១៨៧លានដុល្លារ និងការនាំចេញ ទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត។

ការនាំចូលវិញ កម្ពុជា​បាន​នាំ​ចូល​ទំនិញ​មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណជាង ១៦ពាន់លានដុល្លារ កើនជិត ១៦% ក្នុងនោះ ការនាំ​ចូល​ពី​ប្រទេស​ចិន មានទឹកប្រាក់ជិត ៧ ៧០០លានដុល្លារ, វៀតណាមជាង ២ ៤០០លានដុល្លារ, ថៃជាង ២ ០០០លានដុល្លារ, សឹង្ហបុរី ៥១១លានដុល្លារ, ឥណ្ឌូនស៊ី ៦០០លានដុល្លារ, តៃវ៉ាន់ ៤០៥លានដុល្លារ, កូរ៉េខាងត្បូង ២៩១លានដុល្លារ, ម៉ាឡេស៊ី ៤៦០លានដុល្លារ, ហុងកុង ២៣១លានដុល្លារ ក្រៅពីនេះកម្ពុជាក៏បាននាំចូលទំនិញផ្សេងៗ ពីបណ្តាប្រទេសជាច្រើនទៀត។

កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ (CC​F​T​A​) ​កំពុង​ជំរុញ​កំណើន​ពាណិជ្ជកម្ម​នេះ​។ បើតាមការលើកឡើង លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ជាមួយនឹង​សម្បទាន​ពន្ធ​ដែល​ផ្តល់​ដោយ​ RC​E​P​ ​និង​ CC​F​T​A​ ​ការនាំចេញ​របស់យើង​នឹង​បន្ត​កើន​ឡើង​ក្នុង​ប៉ុន្មាន​ខែ​ ​និង​ឆ្នាំខាងមុខ។

​គួរបញ្ជាក់ផងដែរថា RC​E​P​ ​មាន​ប្រទេស​ចំនួន​ ​១​៥​ ​ក្នុង​តំបន់​អា​ស៊ី​ប៉ាស៊ីហ្វិក​ ​រួម​ទាំង​ប្រទេស​សមាជិក​អា​ស៊ាន​ចំនួន​ ​១​០​ ​រួម​មាន​ ប្រ៊ុ​យ​ណេ ​កម្ពុជា​ ​ឥណ្ឌូ​នេ​ស៊ី​ ​ឡាវ​ ​ម៉ាឡេស៊ី​ ​មី​យ៉ា​ន់​ម៉ា​ ​ហ្វីលីពីន​ ​សិង្ហបុរី​ ​ថៃ​ ​និង​វៀតណាម​ ​ហើយ​ដៃគូ​ពាណិជ្ជកម្ម​ចំនួន​ ​៥​ ​របស់​ពួកគេ​រួម​មាន​ ​ចិន​ ​ជប៉ុន​ ​កូរ៉េ​ខាងត្បូង​ ​អូស្ត្រាលី​ ​និង​ ​នូ​វែ​ល​សេឡង់​៕​ 

ដោយ៖ មឿន ឌីណា (Moeun Dyna)