កំពត៖ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ មានប្រវែងប្រមាណ ៥២,៥៧គីឡូម៉ែត្រ ដែលបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ វឌ្ឍនភាពសម្រេចលទ្ធផលការងារសរុបចំនួន ៩០,៨៤%ហើយ។ បើតាម ក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។
តាមការចុះពិនិត្យនេះ ក៏មានការចូលរួមពីក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន ផងដែរ។
បេសកកម្មនាឱកាសនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលស្ថានភាពសាងសង់ និងការងារបច្ចេកទេស ធានាឱ្យបានថាគម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។ ជាការបញ្ជាក់ លោក ប៉ាល់ ចន្ទតារា។
បេសកកម្មលើកនេះ ក្រុមការងារបានចុះពិនិត្យទីតាំងចាក់បេតុង ការដ្ឋានស្ពានក្បាលរមាស ប្រឡាយតាមដងផ្លូវ និងទីតាំងផ្លូវថ្មើរជើងត្រង់រង្វង់មូលសេះស ស្ថិតក្នុងខេត្តកែប និងសកម្មភាពអ៊ុតគំនូសចរាចរណ៍នៅលើទ្រូងផ្លូវ ដើម្បីធានាឱ្យបានគុណភាពត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាព។
លោក បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ប៉ាល់ ចន្ទតារា នាយកគម្រោង បានសាកសួរប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយខ្សែផ្លូវនេះ ហើយពួកគាត់បានសម្តែងភាពសប្បាយរីករាយ និងយល់ឃើញថាការកសាងផ្លូវនេះមានសភាពរឹងមាំល្អ ព្រមទាំងរំពឹងថាខ្សែផ្លូវនេះនឹងអាចប្រើប្រាស់ជាឧត្តមប្រយោជន៍បានយូរអង្វែង។
គូសបញ្ជាក់ថា គម្រោងនេះមានប្រវែងប្រមាណ ៥២,៥៧គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប គ្រប់គ្រងដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន៕
ដោយ៖ មឿន ឌីណា (Moeun Dya)