Register Already an agent ? Login

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៤៤ ទុនជាង ៣៩៦លានដុល្លារ ក្នុងខែកក្កដា ឆ្នាំ២០២៤

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគចំនួន ៤៤ ដែលមានទុនវិនិយោគសរុបជាង ៣៩៦លានដុល្លារ ក្នុងខែកក្កដា ឆ្នាំ២០២៤។

ក្នុងខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៤១គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារអាម៉េរិក និងអាច បង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។

ក្នុងចំណោម គម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣គម្រោង។

ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែកក្កដារួមមាន៖

ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស

១-គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ដែលមានទីតាំងស្ថិតនៅភូមិក្រាំងទា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ បន្ថែមប្រមាណជាង ២១លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ៧៤កន្លែង។

ខ-ក្នុងតំបន់សេដ្ឋកិច្ចពិសេស

១-គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ដែលមានទីតាំងស្ថិតនៅភូមិអូរជ្រៅ ភូមិ ផ្លោងនៃឃុំបឹងព្រាវ និងភូមិឈើនាងនៃ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុន វិនិយោគចំនួន ១០០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៣១កន្លែង។

២-គម្រោងវិនិយោគបង្កើតរោងចក្រផលិតសារធាតុកែច្នៃចំណីអាហារ (Galatin) ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ក្នុងទុនវិនិយោគប្រមាណជាង ២៦លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៩៤កន្លែង។

គួរបញ្ជាក់ផងដែរថា ក្នុងខែកក្កដា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦៨,០៦% នៃទុនវិនិយោគសរុប ខណៈ ការវិនិយោគក្នុងស្រុកគ្របដណ្តប់ ១៤,២៤% នៃទុនវិនិយោគសរុប៕

ដោយ៖ មឿន ឌីណា (Moeun Dyna)