Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានទឹកប្រាក់ជាង ៧ពាន់លានដុល្លារ កើនជិត២០% ៦ខែឆ្នាំ២០២៤

ភ្នំពេញ៖ រយៈពេល៦ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទឹកប្រាក់ជាង ៧៣០០លានដុល្លារ កើន ១៩%។ បើតាម របាយការណ៍ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជានាំចូលពីចិនមានទឹកប្រាក់ ៦ពាន់លានដុល្លារ ខណៈ កម្ពុជានាំចេញទៅចិនមានត្រឹម ៨១៤លានដុល្លារ។

កម្ពុជា បាននាំចេញទៅចិននូវសម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី។ បើតាមរបាយការណ៍ដដែល។

បើតាមរបាយការណ៍ដដែល បានបន្តទៀតថា ការនាំចូលពីចិនមកវិញ ផលិតផលសម្រាប់បម្រើឱ្យការវិនិយោគ និងផលិតកម្ម ដូចជា៖ ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ និងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាស និងក្រដាសកាតុង។

គួរបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤ ប្រទេសចិននៅតែឈរលំដាប់ថ្នាក់លេខ១ ជាទីផ្សារនាំចូលធំជាងគេរបស់កម្ពុជា ក្នុងនោះ ទំហំនៃការនាំចូលសរុបមាន ៦ ២១៤លានដុល្លារ។

រយៈពេល៦ ខែឆ្នាំ២០២៤នេះ ក្រៅពីប្រទេសចិន ទីផ្សារអឺរ៉ុប និងអាស៊ាន ក៏ជាទីផ្សារធំបន្ដបន្ទាប់ ដែលកម្ពុជានាំចូលច្រើនជាងគេ។ តំបន់អាស៊ាន ជាទីផ្សារនាំចូលធំទី២ មានទំហំ ៥ ៦៦៩លានដុល្លារ កើន១៣.៤%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)