Register Already an agent ? Login

ច្រករបៀងវប្បធម៌កម្ពុជា-ចិន បានសម្ពោធនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

សៀមរាប៖ ច្រករបៀងវប្បធម៌កម្ពុជា-ចិន នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានរៀបចំឡើងនៅក្នុងតំបន់ចេញដំណើរសម្រាប់អ្នកដំណើរអន្តរជាតិនៃអាកាសយានដ្ឋាន រួមមាន ពិព័រណ៍រូបថតក្រោមប្រធានបទ “ជំនួបបេតិកភណ្ឌពិភពលោក ពួតដៃអរិយធម៌ក្នុងការសិក្សាពីគ្នាទៅវិញទៅមក” និងតំបន់ពិព័រណ៍បែប Static ជាដើម។ ក្នុងនោះ ការតាំងពិព័រណ៍រូបថតដ៏ស្អាតប្រណីតចំនួន ១០០សន្លឹក ភាគច្រើនពាក់ព័ន្ធនឹងប្រទេសទាំង២ និងគ្របដណ្តប់ប្រទេសទន្លេមេគង្គផ្សេងៗទៀត។

តំបន់ពិព័រណ៍បែប Static ផ្តោតលើប្រធានបទសំខាន់ចំនួន៣ គឺ “ប៉ាក់” “ចម្លាក់” និង “ពណ៌ចម្រុះ” ដែលដាក់តាំងបង្ហាញពីបេតិកភណ្ឌវប្បធម៌អរូបីរបស់ខេត្តយូណានប្រទេសចិន និងប្រទេសកម្ពុជា។

នាថ្ងៃបើកសម្ពោធច្រករបៀងវប្បធម៌ កម្ពុជា-ចិន អ្នកបន្តវេននៃបេតិកភណ្ឌវប្បធម៌អរូបី និងតួសម្ដែងមកពីប្រទេសចិន និងកម្ពុជា ក៏បានសម្តែងកម្មវិធីសិល្បៈដែលមានទាក់ទិនទៅនឹងបេតិកភណ្ឌវប្បធម៌អរូបី ហើយបានទាក់ទាញភ្ញៀវទេសចរជាច្រើន ដែលកំពុងរង់ចាំឡើងយន្តហោះនៅអាកាសយានដ្ឋាន។

លោក សៀ យូនហៃ អគ្គនាយករងនៃអគ្គនាយកដ្ឋានផ្សព្វផ្សាយអន្តរជាតិ នៃការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការដ្ឋចិន បានថ្លែងថា កាលពីខែមិថុនាឆ្នាំនេះ ខេត្តយូណានបានរៀបចំកម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» ខេត្តយូណានប្រទេសចិន-ប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់បន្ថែមទៀតនូវការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាងប្រទេសទាំងពីរចិន និងកម្ពុជា។

ថ្ងៃនេះ ក្នុងផ្នែកពាក់ព័ន្ធមួយនៃកម្មវិធីនេះ គឺការរៀបចំពិធីបើកសម្ពោធច្រករបៀងវប្បធម៌កម្ពុជា-ចិននៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងកម្មវិធី “ជំនួបបេតិកភណ្ឌពិភពលោក ពួតដៃអរិយធម៌ក្នុងការសិក្សាពីគ្នាទៅវិញទៅមក” នៅទីនេះ។ ជាការបន្ត លោក សៀ យូនហៃ បានបន្ថែមថា ច្រករបៀងនេះ នឹងជួយលើកកម្ពស់នូវបទពិសោធន៍ នៃការធ្វើដំណើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ហើយក៏រួមជាវិភាគទានថ្មីក្នុងការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យទទួលបាននូវលទ្ធផលជាផ្លែផ្កាកាន់តែច្រើន។

ថ្លែងនៅក្នុងពិធីនេះ លោក ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា ពិធីបើកសម្ពោធច្រករបៀងវប្បធម៌ កម្ពុជា-ចិន នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រមួយទៀតសម្រាប់ការផ្លាស់ប្តូរប្រជាជននិងប្រជាជនប្រទេសទាំងពីរ។

លោក ឈាន លាង បានបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាច្រកទ្វារដ៏សំខាន់សម្រាប់ផ្សារភ្ជាប់កម្ពុជាទៅនឹងពិភពលោក ចំណែកឯច្រករបៀងវប្បធម៌កម្ពុជា-ចិននេះ នឹងនាំភ្ញៀវទេសចរមកពីជុំវិញពិភពលោកឱ្យទៅទស្សនា និងស្វែងយល់ពីទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងទំនៀមទម្លាប់វប្បធម៌របស់ប្រទេសកម្ពុជា ចិន ព្រមទាំងប្រទេសទន្លេឡានឆាង-មេគង្គដទៃទៀត តាមរយៈការដាក់តាំងពិព័រណ៍នូវរូបភាពបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌវប្បធម៌អរូបី ព្រមទាំងការរៀបចំតំបន់ចល័តសម្រាប់ការយកបទពិសោធន៍អំពីបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពរវាងចិត្តនិងចិត្ត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)