Register Already an agent ? Login

កម្ពុជា រកចំណូលជាង ២៧លានដុល្លា ពីការលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូក ៧ខែឆ្នាំ២០២៤

ភ្នំពេញ៖ រយៈពេល៧ខែ គិតចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ២៧.៨២៨.៣៦៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ បើយោងរបាយការណ៍គ្រឹះស្ថានអង្គរ។

ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៥៨៤ ៣៧៥នាក់ កើន៣៣.០០% និងទទួលបានចំណូល ២៧ ១៧៧ ៤៣០ដុល្លារ កើនឡើង ៣៣.៧៦% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។

ដោយឡែក សម្រាប់ខែកក្កដា ឆ្នាំ២០២៤នេះ រកចំណូលបានចំនួន ២.៨១៩.៧៣៥ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦២.៤២៥​នាក់ ចំណូលនេះ កើន ១៥,៥៧% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍ តម្លៃ ៧២ដុល្លារ។

សូមជម្រាបថា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក កើនឡើងចំនួន២២២.៦៨ភាគរយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)