ព្រះសីហនុ៖ កម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ មកដល់ពេលនេះ អនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៩៧គម្រោង។ បើតាមការឱ្យដឹងពី លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។
ក្នុងនេះ គម្រោងទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ ៦១គម្រោង គម្រោងដាក់ពាក្យស្នើសុំតែមិនទទួលបានការឯកភាពចំនួន ៣គម្រោង គម្រោងបានដាក់ពាក្យស្នើសុំតែពន្យាមាន ៦គម្រោង។ បើតាម ការបន្ត លោក ម៉ាង ស៊ីណេត។
លោក ម៉ាង ស៊ីណេត បានបន្តទៀតថា ដើម្បីជំរុញនិងស្ដារការវិនិយោគនៅក្នុងខេត្តព្រះសីហនុឡើងវិញ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បច្ចុប្បន្នមានគម្រោងជាច្រើនបានចាប់ផ្តើមមានសកម្មភាពឡើងវិញ ទាំងការសាងសង់បន្តបញ្ចប់គម្រោង ក៏ដូចជាគម្រោងស្នើសុំវិនិយោគថ្មី។
ឆមាសទី១ឆ្នាំ២០២៤ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរសរុប ២,៨លាននាក់ ក្នុងនោះភ្ញៀវជាតិ ២,៦លាននាក់ និងភ្ញៀវបរទេសជាង ២០ម៉ឺននាក់ បើធៀបនឹងគ្រាដូចគ្នានៅឆ្នាំ២០២៣ មានការកើនឡើង។ ភ្ញៀវទេសចរមកពីអឺរ៉ុបភាគច្រើនសំដៅទៅកម្សាន្តនៅតំបន់កោះក្នុងក្រុងកោះរ៉ុង។ បើតាម លោក អភិបាលខេត្តព្រះសីហនុ។
ដោយឡែក ចំពោះការដឹកជញ្ជូន រាជរដ្ឋាភិបាលបានកំណត់យកកំពង់ផែក្រុងព្រះសីហនុ ទៅដល់ស្រុកស្ទឹងហាវ ជាតំបន់ឧស្សាហកម្ម និងភស្តុភាកម្ម។ ជាការបន្ថែម អភិបាលខេត្តព្រះសីហនុ្ លោក ម៉ាង ស៊ីណេត។
គូសបញ្ជាក់ថា ក្រុងព្រះសីហនុ ជាទីក្រុងទី៤ បន្ទាប់ពីរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ដែលបានចូលជាសមាជិកបណ្តាញទីក្រុងឆ្លាតអាស៊ាន កាលពីឆ្នាំ២០១៨។ គិតត្រឹមឆ្នាំ២០២៤ បណ្តាញទីក្រុងឆ្លាតអាស៊ានមានចំនួន ៣១ ទីក្រុង មកពីប្រទេសចំនួន១០ រួមមានប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ភូមា សិង្ហបុរី ថៃ និងប្រទេសវៀតណាម។
ខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍។ ខេត្តនេះ មានក្រុងចំនួនពីរ និងស្រុកចំនួន៣ មាន ២៩ឃុំ/សង្កាត់ ស្មើនឹង ១១១ភូមិ មានកោះ៣២ ឆ្នេរសមុទ្រមានប្រវែង ១៧៥គីឡូម៉ែត្រ មានឧទ្យានជាតិលើគោក និងឧទ្យានជាតិបាតសមុទ្រ។
គួររម្លឹកថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ជាថ្ងៃទី១ នៃកិច្ចប្រជុំបណ្តាញទីក្រុងឆ្លាតអាស៊ាន លើកទី៧ ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើនៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ បានសម្រេចដាក់បេក្ខភាពក្រុងព្រះសីហនុ ចូលជាសមាជិកនៃបណ្តាញទីក្រុងឆ្លាតអាស៊ានជាផ្លូវការ ក្រោមការចង្អុលបង្ហាញ និងសម្របសម្រួលពីគណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត នៃក្រសួងមហាផ្ទៃ។
ការចូលជាសមាជិកបណ្តាញទីក្រុងឆ្លាតអាស៊ាននេះ នឹងជំរុញឱ្យទីក្រុងព្រះសីហនុ ក្លាយជាទីក្រុងមួយរស់នៅប្រកបដោយគុណភាពជីវិតខ្ពស់ ការប្រកួតប្រជែងសេដ្ឋកិច្ច និងជាទីក្រុងដែលមានបរិស្ថានប្រកបដោយនិរន្តរភាព ព្រមទាំងចាប់ឱកាសនូវកាលានុវត្តភាពថ្មីៗ នៃសាកលភាវូនីយកម្មបច្ចេកវិទ្យា និងសេដ្ឋកិច្ច៕
ដោយ៖ មឿន ឌីណា (Moeun Dyna)