Register Already an agent ? Login

លោក ស៊ុន ចាន់ថុល៖ បរិយាកាសសេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ច ត្រូវបានធានា និងលំនឹងម៉ាក្រូសេដ្ឋកិច្ច

ភ្នំពេញ៖ បរិយាកាសសេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ច នៅកម្ពុជា ត្រូវបានធានាតាមរយៈ សុខសន្តិភាព ស្ថិរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ច។ ជាការគូសបញ្ជាក់ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

តាមការបញ្ជាក់ លោក ស៊ុន ចាន់ថុល បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ៖ “បរិយាកាសសេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ច នៅកម្ពុជា” (Cambodia Economic Environment and Business Opportunities) ត្រូវបានរៀបចំឡើងក្នុងវេទិកាសហគ្រិនឆ្នើម (Pinnacle Entrepreneur Forum) នៃបណ្តាញសហគ្រិនស្ត្រីអាស៊ាន (ASEAN Women Entrepreneur Network – AWEN) ដែលកម្ពុជាគឺជាម្ចាស់ផ្ទះ សម្រាប់ឆ្នាំ២០២៤នេះ។

នៅក្នុងវេទិកានៃកិច្ចពិភាក្សានេះដែរ ក៏មានការអញ្ជើញចូលរួមពី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជំទាវរដ្ឋលេខាធិការតំណាង ក្រសួងពាណិជ្ជកម្ម និងក្រសួងកិច្ចការនារី។

ថ្លែងក្នុងកិច្ចពិភាក្សានាឱកាសនេះ លោក ស៊ុន ចាន់ថុល បានរំលេចអំពីសក្តានុពលវិជ្ជមាននានា របស់កម្ពុជា មានជាអាទិ៍ សុខសន្តិភាព និងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល។

លោក បានបន្តថា ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន បែបបទនៃការវិនិយោគដែលមានភាពបត់បែននិងអនុគ្រោះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប ប្រទាក់ក្រឡាផងដែរ។

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តទៀតថា ដើម្បីភាពរីកចម្រើនលូតលាស់ទៅមុខទាំងអស់គ្នា សហគ្រិនគ្រប់រូប គួរតែត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងការបន្ស៊ីខ្លួនចូលក្នុងរបត់ថ្មីនៃសង្គម តាមរយៈនវានុវត្តន៍ថ្មីៗ និងបរិវត្តកម្មឌីជីថល។ ការទទួលយកនូវការផ្លាស់ប្តូរ និងរៀនសូត្រនូវអ្វីថ្មីៗ នឹងធ្វើឱ្យយើងដើរទាន់ស្ថានការណ៍ ទាំងក្នុងតំបន់ និងជុំវិញពិភពលោក។

ថ្លែងទៅកាន់សហគ្រិនស្ត្រីដែលអញ្ជើញចូលរួម ពីបណ្តាប្រទេសទាំង១០ នៃសមាគមអាស៊ាន ក្នុងនាមអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់អំពីចក្ខុវិស័យ និងបេសកកម្មយ៉ាងច្បាស់លាស់ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពបរិយាកាសវិនិយោគ និងកាលានុវត្តភាពនៃការធ្វើធុរកិច្ចនៅកម្ពុជា ទៅកាន់ពិភពលោក សំដៅគោះទ្វារទាក់ទាញវិនិយោគិនឱ្យងាកមកពិចារណា និងសិក្សាស្វែងយល់បន្ថែមពីឱកាសក្នុងការមកបណ្តាក់ទុនវិនិយោគផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)