ភ្នំពេញ៖ ជាភស្តុតាងមិនអាចប្រកែកបាន នៃស្មារតីអង់អាចរបស់ស្ត្រីអាស៊ាន ដែលហ៊ានជម្នះឧបសគ្គ មានមហិច្ឆតា និងហ៊ានដឹកនាំ ហើយបានដើរតួនាទីយ៉ាងសំខាន់ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ច តំបន់អាស៊ាន ឱ្យក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើពិភពលោក។ ជាការថ្លែង សម្តេចធិបតី នាយករដ្ឋមន្ត្រី។
នៅក្នុង«វេទិកាសហគ្រិនឆ្នើម និងពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន (AWEN) ឆ្នាំ២០២៤» នាព្រឹកថ្ងៃទី១ ខែសីហា ២០២៤ សម្តេចធិបតី បានថ្លែងបន្តថា ស្រ្តីបានរួមចំណែកដល់ការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងលើកស្ទួយសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ព្រមទាំងគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈវេទិកាតំបន់ និងអន្តរជាតិ ជំរុញកំណើននិងបង្កើននវានុវត្តន៍ឆ្លងព្រំដែន។
ស្ត្រីគឺជាបេះដូងនៃគ្រួសារ ជាព្រលឹងនៃសហគមន៍ និងជាវិចារណញ្ញាណនៃប្រជាជាតិ។ ការបីបាច់ថែរក្សារបស់ស្ត្រី ផ្តល់ឱ្យមានតុល្យភាព ប្រាជ្ញាស្មារតីរបស់ស្ត្រី ជួយនាំឱ្យមានការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយភាពជាអ្នកដឹកនាំ ប្រកបដោយការចេះយល់ចិត្តរបស់ស្ត្រី ជំរុញឱ្យមានភាពសុខដុមរមនា។ ជាការញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា ការចូលរួមកាន់តែសកម្មរបស់ស្ត្រី នៅក្នុងសកម្មភាពសេដ្ឋកិច្ចតំបន់ និងអន្តរជាតិ មិនត្រឹមតែអាចជំរុញការអភិវឌ្ឍសហគ្រាសរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងរួមចំណែកដល់ការពង្រឹងភាពធន់ និងចីរភាពនៃសេដ្ឋកិច្ចក្នុងសហគមន៍ និងប្រទេសជាតិទាំងមូលផងដែរ។
កម្ពុជា តែងទទួលស្គាល់តួនាទីដែលមិនអាចខ្វះបានរបស់ស្ត្រីក្នុងសង្គម និងសេដ្ឋកិច្ច។ ប្រវត្តិនៃការផ្តោតសំខាន់លើស្ត្រី មិនមែនគ្រាន់តែជារឿងនិទានទាក់ទងនឹងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនោះទេ ប៉ុន្តែក៏ជាប្រវត្តិនៃជ័យជម្នះផ្នែកសេដ្ឋកិច្ចផងដែរ។ ជាការថ្លែងបន្ថែម ប្រមុខរារដ្ឋាភិបាល ដោយបានលើកឡើងថា ភស្តុតាងជាច្រើនទសវត្សរ៍ បានបង្ហាញយ៉ាងច្បាស់ថា សមភាពយេនឌ័រមិនមែនគ្រាន់តែជាបញ្ហានៃយុត្តិធម៌សង្គមប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានផ្តល់ជាជន្ទល់រឹងមាំដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាផងដែរ។
ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងកិច្ចការនារីជាសេនាធិការ បាន និងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការកសាងបរិយាកាសគាំទ្រដល់សហគ្រិនស្ត្រី តាមរយៈការសម្រួលដល់ការបង្កើតបណ្តាញស្ត្រី ដូចជា សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) សហព័ន្ធស្ត្រីអ្នកជំនួញកម្ពុជា (CWBF) ព្រមទាំងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ដើម្បីផ្តល់ការបណ្តុះបណ្តាលផ្នែកធុរកិច្ចដែលចាំបាច់ និងការអភិវឌ្ឍជំនាញដល់ស្ត្រី និងសហគ្រិនស្ត្រី។ បើតាមការបន្ថែមទៀត ប្រមុខរារដ្ឋាភិបាល។
ទន្ទឹមនេះ ដើម្បីដោះស្រាយបញ្ហាភាពមានកម្រិតនៃការទទួលបានហិរញ្ញប្បទាន រាជរដ្ឋាភិបាលបានអនុវត្តគំនិតផ្តួចផ្តើមហិរញ្ញវត្ថុមួយចំនួន ដើម្បីគាំទ្រដល់សហគ្រិនស្ត្រី ដូចជា ការដាក់ឱ្យដំណើរការ គម្រោងហិរញ្ញប្បទានសហគ្រិនស្ត្រី តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដើម្បីផ្តល់ហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងការដាក់ឱ្យប្រើប្រាស់ គម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រី តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីផ្តល់ការធានាឥណទានជាមួយនឹងលក្ខខណ្ឌអំណោយផល សំដៅជំរុញឱ្យស្ថាប័នផ្តល់ឥណទាន គាំទ្រដល់អាជីវកម្ម ដែលគ្រប់គ្រងដោយស្ត្រី។ បើតាមសម្តេចធិបតី នាយករដ្ឋមន្ត្រី។
គួសបញ្ជាក់ថា វេទិកានេះ ជាឱកាសល្អដែលនាំឱ្យកម្ពុជាកាន់តែមានភាពលេចធ្លោក្នុងតំបន់អាស៊ាន និងពិភពលោកតាមរយៈការបង្ហាញពីសក្តានុពលរបស់ខ្លួនដើម្បីទាក់ទាញវិនិយោគិនពីបណ្តាប្រទេសនានា និងចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាព្រះរាជាណាចក្រកម្ពុជា។
វេទិកាបណ្តាញសហគ្រិនស្រ្តីឆ្នើមអាស៊ាន និងពានរង្វាន់សហគ្រិនស្រ្តីឆ្នើមអាស៊ានត្រូវបានបង្កើតឡើងក្នុងគោលបំណងឱ្យស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់នៅក្នុងរដ្ឋជាសមាជិកអាស៊ានផ្ដោតលើ៖ ការបង្កើតវេទិកាក្នុងតំបន់ ការគាំទ្រសហគ្រិនស្ត្រីអាស៊ានឱ្យមានលទ្ធភាពទទួលបានគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែប្រសើរឡើង ផ្តល់ឱកាសឱ្យសហគ្រិនទាំងនេះបង្កើតបណ្តាញសហគមន៍យ៉ាងរឹងមាំមួយ បង្កើតមូលនិធិសម្រាប់គំនិតអាជីវកម្មច្នៃប្រឌិតនានាឱ្យទទួលបានជោគជ័យ។
ចំណែកពានរង្វាន់សហគ្រិនស្រ្តីឆ្នើមអាស៊ានត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥មក ក្នុងនោះ សហគ្រិនស្ត្រីឆ្នើមអាស៊ានជិត ១០០០នាក់ បានទទួលពានរង្វាន់នេះ។ រីឯ សហគ្រិនស្រ្តីឆ្នើមកម្ពុជាលើសពី ៦០នាក់ បានទទួលបានពាននៅក្នុងឱកាសចូលរួមវេទិកាដែលត្រូវបានរៀបចំឡើងនៅក្នុងប្រទេសអាស៊ាន។ ចំណែក ឆ្នាំនេះសហគ្រិនស្ត្រីឆ្នើមអាស៊ានចំនួន២២រូប ក្នុងចំណោមបេក្ខភាពសហគ្រិនស្ត្រីសរុប ២៩រូប នឹងទទួលបានពានរង្វាន់ពីវេទិកានេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)