Register Already an agent ? Login

កម្ពុជា-ហុងកុង បានបន្ថែម MoU ចំនួន១១ រវាងក្រសួង ស្ថាប័ន និងវិស័យឯកជន វិនិយោគ-ពាណិជ្ជកម្ម-ហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ៖ ទទួលបានការអនុញ្ញាតពី សម្តេចធិបតី នាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង លោក John KC Lee ក៏បានឆ្លៀតយកឱកាសនៃពិធីពិសាអាហារធុរកិច្ចអញ្ជើញជាសក្ខីភាពនៃពិធីផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នាសរុបចំនួន ១១ រវាងក្រសួង ស្ថាប័ន និងវិស័យឯកជន ដែលឯកសារទាំងនេះមានវិសាលភាពគ្របដណ្តប់លើការងារសហប្រតិបត្តិការ វិនិយោគ, ពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, អប់រំ, ហិរញ្ញវត្ថុ, ការតភ្ជាប់, និងអាកាសចរណ៍ស៊ីវិល។

នាវេលាថ្ងៃត្រង់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារធុរកិច្ច ដែលសហការរៀបចំឡើងដោយភាគីហុងកុង នៅ ភ្នំពេញ ក្រោមមូលបទ “ការតភ្ជាប់ដ៏អស្ចារ្យតាមមាគ៌ាថ្មីឆ្ពោះទៅភាពជោគជ័យ៖ ភាពជាដៃគូរវាង ហុងកុង-កម្ពុជា ក្នុងការជំរុញវិបុលភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា” ។

មានមតិនៅក្នុងសុន្ទរកថាគន្លឹះ លោក ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបានចូលរួមក្នុងពិធីដ៏មនោរម្យនាឱកាសនេះ ដោយបានរំលេចអំពីសក្តានុពលវិជ្ជមានរបស់កម្ពុជា មានជាអាទិ៍ ស្ថិរភាពនយោបាយ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹង។

លោក បានបន្តថា កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត, រាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រដល់ការរីកលូតលាស់នៃធុរកិច្ច, របបវិនិយោគដែលមានភាពទាក់ទាញ និងអនុគ្រោះ, និងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមថា វិនិយោគិនដែលបានអញ្ជើញចូលរួមនាពេលនេះ នឹងអញ្ជើញមកសិក្សាសមិទ្ធិលទ្ធភាពលើវិស័យ និងសកម្មភាពវិនិយោគ ដែលមានសក្តានុពល ព្រមទាំងជួយពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)