Register Already an agent ? Login

ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង បង្ហាញនូវឆន្ទៈសុទិដ្ឋិនិយម ពង្រីកនិងបង្កើនការវិនិយោគរបស់ខ្លួន មកកាន់កម្ពុជា

ភ្នំពេញ៖ លោកបណ្ឌិត Peter K N Lam ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង បានបង្ហាញនូវឆន្ទៈសុទិដ្ឋិនិយម ក្នុងការពិនិត្យលទ្ធភាពដើម្បីពង្រីក និងបង្កើនការវិនិយោគរបស់ខ្លួន មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ សំដៅលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងរឹតបន្តឹងកិច្ចសហការល្អក្នុងកម្រិតតំបន់អាស៊ានផងដែរ។

តាមការបង្ហាញនូវឆន្ទៈសុទិដ្ឋិនិយម លោកបណ្ឌិត Peter K N Lam បានជួបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤។

ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពី ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ចំនួន២ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ តំបន់រដ្ឋបាលពិសេសហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ក្រោមអធិបតីភាព សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព បានបញ្ចប់ទៅដោយជោគជ័យ។

ក្នុងគោលបំណងបញ្ជាក់បន្ថែមឱ្យរឹតតែច្បាស់ ជូនទៅគណៈប្រតិភូដែលមានវត្តមាននាឱកាសនេះ លោក ស៊ុន ចាន់ថុល បានធ្វើបទបង្ហាញអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា នាពេលបច្ចុប្បន្ន ក្រោមការសម្របសម្រួលប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ គណៈប្រតិភូហុងកុង ក៏បានសម្តែងនូវការស្ញើចសរសើរចំពោះការពន្យល់បកស្រាយយ៉ាងក្បោះក្បាយពីមួយចំណុច ទៅមួយចំណុចរបស់ លោក ស៊ុន ចាន់ថុល និងបានបង្ហាញនូវឆន្ទៈសុទិដ្ឋិនិយម ក្នុងការពិនិត្យលទ្ធភាពដើម្បីពង្រីក និងបង្កើនការវិនិយោគរបស់ខ្លួន មកកាន់កម្ពុជា នាពេលខាងមុខ សំដៅលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងរឹតបន្តឹងកិច្ចសហការល្អក្នុងកម្រិតតំបន់អាស៊ានផងដែរ។

គួរបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា ចំនួន២ ត្រូវបានចុះរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ តំបន់រដ្ឋបាលពិសេសហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ក្រោមអធិបតីភាព សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា និង លោកJohn Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង។

អនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន២នេះរួមមាន៖

១. អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិនិយោគហុងកុងនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណៈរដ្ឋប្រជាមានិតចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

២. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)