កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល បានធ្វើការចែកចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ប្រជាពលរដ្ឋសរុបចំនួន ២១៨លើក ស្មើនឹង ២៩៥,៧៤០បណ្ណ។ បើតាម លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល។
នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងភូមិព្រែកថ្មី សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ លោក សុក កាន់ណារិទ្ធ បានបន្តថា ថ្ងៃនេះគឺជាលើកទី២១៩ នៃការចែក វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋចំនួន ៨៩៦បណ្ណ។
លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីខាងលើ បានថ្លែងថា ការចែកបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថិរភាពសង្គម។
លោក បានបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ មានសារៈប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ព្រោះការចុះបញ្ជីដីធ្លីនេះ បានផ្តល់នូវ ការធានាបាននូវឋានពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លីតាមរយៈការផ្តល់ ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង)កាត់បន្ថយជម្លោះ និងឈានដល់ការលុបបំបាត់ជម្លោះទាំងស្រុងនូវបញ្ហាវិវាទដីធ្លី។
ជាវត្ថុតាងស្របច្បាប់សម្រាប់ផ្ដល់នូវទំនុកចិត្តដល់ម្ចាស់ដី និងសម្រាប់អ្នកដែលត្រូវបន្តវេន យកទៅប្រើប្រាស់តាមតម្រូវការប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត ទីផ្សាប្រកបដោយទំនុកចិត្ត ការវិនិយោគនឹងកើនឡើង។ ជាការគូសបញ្ជាក់ លោក ហាក់ សុខមករា បានបន្តទៀតថា ជាពិសេស បានផ្ដល់ជាកម្លាំង ជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិត ថែមទៀត។
លោក បានសំដែងនូវការអបអរសាទរ ជាមួយប្រជាពលរដ្ឋនៅ ភូមិព្រែកថ្មី សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ដែលនឹងទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្ត លើកម្មសិទ្ធិរបស់ខ្លួនបន្ថែមទៀត។
ក្នុងឱកាសនោះដែរ អភិបាលរងខេត្ត បានផ្តាំផ្ញើដល់រដ្ឋបាលក្រុង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាពគណនេយ្យភាព និងយុត្តិធម៌ ចំពោះសំណើសំណូមពរ និងបញ្ហាប្រឈមទាំងឡាយណាដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួនត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីដោះស្រាយឆ្លើយតបឱ្យបានឆាប់រហ័ស បន្តផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាពនិងទទួលបានជំនឿទុកចិត្ត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)